រដ្ឋបាលខេត្តកំពង់ស្ពឺ បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និង លើកទិសដៅឆ្នាំ២០១៩
March 06, 2019 អ្នកទស្សនា :

      នារសៀលថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៨ និង លើកទិសដៅ អនុវត្តការងារឆ្នាំ២០១៩ របស់រដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ក្រោម​អធិបតីភាព ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ក្រុមប្រឹក្សាខេត្ត ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អង្គនាយករង អគ្គាធិការរង  ស្នងការ មេបញ្ជាការ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ កម្លាំងសមត្ថកិច្ច និង មន្ត្រីរាជការ សរុបចំនួន ៣៥០នាក់ដែលបានចូលរួម។

      ក្នុងពិធីនេះផងដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអានរបាយការណ៍សង្ខេបស្តីពី លទ្ធផលនៃដំណើរការសន្និបាត និងបញ្ហាប្រឈម នានា ក្នុងអង្គសន្និបាត ព្រមទាំងបានស្តាប់សេចក្តីព្រាង នៃរបាយការណ៍បូកសរុបលទ្ធផលសម្រេចបាន ក្នុងឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត និងមានបទអន្តរាគមន៍ចំនួន៥ ពីសំណាក់អង្គភាព ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត។ ជាមួយគ្នានោះ អង្គសន្និបាត បានពិភាក្សា រកដំណោះស្រាយ សំណូមពរលើចំណុចគន្លឹះសំខាន់ៗ ដើម្បីធានាឱ្យមានប្រសិទ្ធិភាព ក្នុងការពង្រឹង និងអនុវត្តទិសដៅ ភារកិច្ចរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០១៩ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

      ថ្លែងក្នុងឱកាសបិទសន្និបាតឯកឧត្តម ឆាយ ថន បានឲ្យដឹងថា សន្និបាតរដ្ឋបាលខេត្តកំពង់ស្ពឺ មិនគ្រាន់តែឆ្លុះបញ្ចាំងនៅសមិទ្ធផល បញ្ហាប្រឈម និងទិសដៅសម្រាប់តែថ្នាក់ខេត្ត ប៉ុណ្ណោះទេ បានទាំងការបូកសរុបវាយតម្លៃ តាមវិស័យនានាក្នុងខេត្តទាំងមូល។ឯកឧត្តមបានថ្លែងទៀតថា ឆ្លងតាមរយៈអង្គសន្និបាត ឯកឧត្តមបានសំណូមពរគ្រប់គណៈបញ្ជាការឯកភាព បន្តលុបបំបាត់នូវរាល់បទល្មើស គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងអនុវត្តឱ្យខានតែបាន គោលនយោបាយភូមិឃុំមានសុវត្ថិភាព។ បានណែនាំ និងផ្តាំផ្ញើដល់រដ្ឋបាលខេត្ត ស្រុក ក្រុង អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ត្រូវតាំងចិត្ត និងខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការសកម្មភាពការងារប្រចាំឆ្នាំ ស្របតាមគោលការណ៍ច្បាប់របស់ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។

      នៅក្នុងឱកាសនោះ ឯកឧត្តមសូមឲ្យអាជ្ញាធរមូលដ្ឋាន ដែលជាមន្ត្រីថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ធ្វើយ៉ាងណា ដោះស្រាយបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋសំណូមពរ ថែរក្សាគ្រប់គ្រងទឹក សម្រាប់ជួបគ្រោះរាំងស្ងួត ថែរក្សាការពារអភិរក្សតំបន់មួយចំនួន អប់រំយុវជនកុំឲ្យប្រើប្រាស់គ្រឿងញៀន ជួយដល់ប្រជាកសិករ លើការងារបង្កបង្កើនផល ប្រកបដោយគុណភាព ស្របទៅនឹងទីផ្សារផងដែរ។

      ក្នុងពិធីបិទសន្និបាតនេះដែរ ក៏មានប្រគល់រង្វាន់ជូនទៅដល់ឃុំ/សង្កាត់ ដែលទទួលបានលទ្ធផលល្អក្នុងប្រឡងប្រណាំងភូមិឃុំ មានសុវត្ថិភាពផងដែរ៕ រតនា
 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ