រដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារអនុវត្តឆ្នាំ២០១៩
March 06, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩​ នៅក្នុងពិធីបិទសន្និបាតដែលប្រព្រឹត្តទៅនៅក្នុងសាលប្រជុំធំសាលាខេត្ត ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ ថា ផ្អែកលើរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញនានា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៃខេត្តបន្ទាយមានជ័យទាំងមូល ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលធំៗលើគ្រប់វិស័យទូទាំងខេត្ត រួមចំណែកក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ រក្សាការពារបានយ៉ាងម៉ត់ចត់នូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិសុខ សណ្តាប់ ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើឱ្យប្រទេសយើងបន្តសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ រហូតដល់ ៧,៥% ក្នុងឆ្នាំ២០១៨កន្លងមក ដែលតាមរយៈកំណើនសេដ្ឋកិច្ចនេះបានបង្កលក្ខណៈសម្បត្តិ ដល់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រធ្លាក់ចុះនៅត្រឹម៩% និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្នជាបន្ថែមទៀត។ ឯកឧត្តមបានណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់​អាវុធក្នុងខេត្ត​បន្ទាយមានជ័យទាំងមូល ត្រូវខិតខំរួមគ្នា សម្រេចឲ្យបាននូវកិច្ចការសំខាន់ៗដូចខាងក្រោម ៖

១. ត្រូវខិតខំរួមគ្នាបន្តថែរក្សាការពារនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និង អធិបតេយ្យភាពបូរ​ណភាពទឹកដីរបស់ជាតិ ដោយត្រូវរួមគ្នាតស៊ូប្រឆាំងដាច់ខាត រាល់សកម្មភាពពីជនអគតិខាងក្រៅ ដែលប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ជាតិយើងតាមគ្រប់រូបភាពដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរក្នុងសង្គម ។

២.គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខ័ណ្ឌខេត្តទាំងមូល ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់​គ្រប់ប្រភេទនៅទូទាំងខេត្ត ការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងជួរមន្ត្រីរាជការ កងកម្លាំង​ដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋក្នុងការអនុវត្តច្បាប់ ការអនុវត្តច្បាប់គ្រប់គ្រងជនអន្តោប្រវេសន៍ និង​ហត្ថពលករបរទេស ការលុបបំបាត់នូវប៉ុស្តិ៍ត្រួតពិនិត្យមិនស្របច្បាប់ និងត្រួតពិនិត្យឱ្យបានតឹងរឹង និងការលើកកម្ពស់ការគ្រប់គ្រង ថែរក្សាការពារធនធានធម្មជាតិ ទ្រព្យសម្បត្តិសាធារណៈ។

៣.ត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូល​ដ្ឋានសម្រាប់​ការ​​​អភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម ស្របតាមគោលនយោបាយគោលការណ៍ច្បាប់​របស់រាជរដ្ឋាភិបាលជាធរមាន ដោយពង្រីកប្រព័ន្ធធារាសាស្រ្ត បណ្តាញស្រោចស្រពដំណាំ ការស្វែង​រកទីផ្សារថ្មីៗ ដើម្បីជួយការពារតម្លៃកសិផល និងដំណាំផ្សេងៗ និងជំរុញការនាំចេញផលិត​ផល​កសិកម្មរបស់ប្រជាពលរដ្ឋ។

៤.កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវជំរុញឱ្យឈានចូលដំណាក់កាលកាន់តែស៊ី​ជម្រៅ​ថែមទៀត ។ ក្នុងនោះការបណ្តុះបណ្តាលដល់គណៈអភិបាល និងមន្ត្រីរាជការពីសមត្ថភាពថ្មីៗ ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការចាត់ចែងការងារប្រកបដោយប្រសិទ្ធភាពស្របតាម លក្ខន្តិកៈដោយ​ឡែករបស់មន្ត្រីបុគ្គលិកនៃរដ្ឋបាលថ្នាក់ជាតិ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធ​ភាពខ្ពស់ ។

៥.ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានត្រូវបន្តខិតខំលើកកម្ពស់​ក្នុងការផ្តល់សេវាចាំបាច់នានា ដូចជា សេវាសុខាភិបាល  អប់រំ  សង្គមកិច្ច និងសេវា​សាធារណៈ​ដទៃទៀតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ពង្រឹងការផ្តល់សេវាតាមអង្គភាពច្រក​ចេញចូល​តែមួយ ការិយាល័យច្រកចេញចូលតែមួយ នៅសាលាខេត្ត ខណ្ឌ ក្រុង ស្រុក  ដើម្បីបង្កលក្ខណៈ​ងាយ​ស្រួល ឆាប់រហ័ស ទាន់ពេលវេលាជូនប្រជាពលរដ្ឋ ដោយមិនត្រូវមានការរើសអើង ការបែង​ចែកប្រកាន់បក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយនោះឡើយ ។ ត្រូវចាំច្បាស់ថា “ អ្នករាជ​ការ មិនមែនជាចៅហ្វាយប្រជាពលរដ្ឋទេ តែជាខ្ញុំបម្រើប្រជាពលរដ្ឋដ៏ស្មោះត្រង់ ” ដោយប្រកាន់ខ្ជាប់​នូវអភិក្រមទាំងប្រាំ គឺ “ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ” ។

៦.ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ក្នុងនោះប្រធាន ក្រុមប្រឹក្សា និងអភិបាលខេត្ត​ ក្រុង​ ស្រុក​ ត្រូវធ្វើជាស្នូលក្នុងការពង្រឹងរបៀបរបបការងារផ្ទៃក្នុងក្រុមប្រឹក្សា និងគណៈអភិបាល​របស់ខ្លួន​ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន ហើយត្រូវលុបបំបាត់ដាច់ខាតនូវវប្បធម៌​អន្តរាគមន៍ បក្ខពួកនិយម និងគ្រួសារនិយម។

៧. រដ្ឋបាលខេត្តត្រូវដឹកនាំសម្របសម្រួលដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ពិនិត្យពីប្រភពទឹក​សម្រាប់​ប្រើប្រាស់​ក្នុងជីវភាពប្រចាំថ្ងៃ និងសម្រាប់បង្កបង្កើនផលរដូវប្រាំង និងផ្តល់អាទិភាព​ជាចម្បងសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ។ ទន្ទឹមនេះត្រូវត្រៀមលក្ខណៈ​អន្តរាគមន៍ដោះស្រាយទឹកជូនប្រជាជននៅមូលដ្ឋាន ដោយមិនទុកឱ្យប្រជាជនរងគ្រោះ​ដោយសារ​ការ​ខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ ។ មន្ទីរអង្គភាពពាក់ព័ន្ធត្រូវសហការណែនាំ អប់រំ​ប្រជាជនពីការថែរក្សាសុខភាព ការបង្ការជំងឺឆ្លងរាតត្បាតទាំងមនុស្ស និងសត្វចិញ្ចឹមតាមគ្រួសារ និងការបង្ការអគ្គីភ័យ។

៨. អាជ្ញាធរខេត្ត និងសមត្ថក្ចិចគ្រប់លំដាប់ថ្នាក់ ត្រូវ  ខិតខំពង្រឹងចំណងទាក់ទងឱ្យបាន​ល្អប្រសើរជា​មួយ​ប្រទេសថៃ ដើម្បីថែរក្សាសន្តិភាព និងអភិវឌ្ឍនៅតាមតំបន់ព្រំដែននៃប្រទេសយើងទាំងពីរ ។

៩. សូមខិតខំបំពេញការងារជម្រឿនប្រជាពលរដ្ឋឆ្នាំ២០១៩ឲ្យទទួលបានជោគជ័យ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ