អភិបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មថ្មី
March 06, 2019 អ្នកទស្សនា :

     ដើម្បីបន្តនិរន្តភាពការងារ ពង្រឹងការងារគ្រប់គ្រង់ក្នុងមន្ទីរ បន្តផ្តល់សេវាសាធារណៈដល់គ្រប់វិស័យពាក់ព័ន្ធឲ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៩នេះ បានរៀបចំពិធី  ប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តថ្មី ជំនួសប្រធានមន្ទីរចាស់ដែលត្រូវបានចូលនិវត្តន៍ ។

     ថ្លែងក្នុងពិធីនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកោតសរសើរ និងថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ដកណ្ដាល ដែលបានផ្ដល់កិច្ចសហការល្អ និងតែងគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម  ជាពិសេសការចូលរួមសហការណ៍គ្រប់គ្រងសកម្មភាពក្រុមហ៊ុន-សហគ្រាស គ្រប់គ្រង់និងការតាមដានស្ថានភាពថ្លៃទំនិញ រៀបចំព្រឹត្ដិការណ៍ពាណិជ្ជកម្មផ្សេងៗ និងការត្រួតពិនិត្យគុណភាពទំនិញ ក្នុងទីផ្សារ ព្រមទាំងការចុះផ្សព្វផ្សាយអំពីច្បាប់ និងបទបញ្ញត្ដិទាក់ទងវិស័យពាណិជ្ជកម្ម ជាដើម។

      ជាពិសេសឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់អតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញការងារនាពេលកន្លងមក រហូតជំរុញឱ្យមន្ទីរពាណិជ្ជកម្មខេត្ដ ក្លាយទៅជាអង្គភាពមួយ ដែលទទួលបានការគាំទ្រពីសាធារណជន និងគណៈអភិបាលខេត្ដគ្រប់ជំនាន់។  ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកដល់ ប្រធានមន្ទីរពាណិជ្ជកម្មថ្មី ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារ និងត្រូវចេះពង្រឹងកិច្ចសហការរវាងមន្ត្រីនៅក្នុងមន្ទីរ ។ លើសពីនេះ ត្រូវចេះដោះស្រាយបញ្ហាដោយផ្អែកលើគោលការណ៍ច្បាប់ ដើម្បីសម្រេចបាននូវលទ្ធផលថ្មីៗបន្ថែមជូនអង្គភាព ថ្នាក់ដឹកនាំខេត្ត និងក្រសួងពាណិជ្ជកម្ម ពិសេសសម្រួលដល់ការអភិវឌ្ឍវិស័យឯកជននៅក្នុងខេត្តកណ្តាលទាំងមូល។

      ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់អោយដឹងអំពីស្ថានភាពសេដ្ឋកិច្ចនៅខេត្តកណ្ដាលដែលមានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងក្នុងឆ្នាំ២០១៧ សេដ្ឋកិច្ចខេត្តកណ្ដាលមានប្រមាណ ៨៦៦៩ ប៊ីលាន ៤៣៣,១ លានរៀល គិតជាដុល្លារប្រហែល ២១៥២ លានដុល្លារ។ ចំណូលសម្រាប់មនុស្សម្នាក់ៗមានចំនួន ១៧២៧ ដុល្លារនៅក្នុងឆ្នាំ ២០១៧ បើធៀបនឹងឆ្នាំ ២០១៦ មាន ១៥៤៦ ដុល្លារ ក្នុងនោះវិស័យកសិកម្មមាន ៤០,១% ឧស្សាហកម្មមាន ៣២, ៧% សេវាកម្ម ២៧,២%។ ចំណែកអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលបានកាត់បន្ថយពី ១៣,៨៩% ភាគរយឆ្នាំ ២០១៧ មកត្រឹម ១៣,៧៧% ក្នុងឆ្នាំ ២០១៨។

        សូមជម្រាបថា ការតែងតាំងនេះ យោងតាម លិខិតលេខ ២៣៩ ពណ​ បល​.ប្រក​ ចុះថ្ងៃទី៤ ខែ​តុលា ឆ្នាំ២០១៨ របស់ក្រសួងពាណិជ្ជកម្មបានសំរេច តែងតាំងលោក អោម ប៊ុនធឿន ជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ជំនួស លោក ឃឹម សុផល ដែលបានចូលនិវត្តន៍៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ