អភិបាលខេត្តសៀមរាប ផ្តល់កិច្ចសហការជាមួយមន្ត្រីជំរឿនដែលកំពុងចុះធ្វើជំរឿនទូទាំងខេត្ត
March 06, 2019 អ្នកទស្សនា :

      ក្រុមមន្ត្រីជំរឿន ដឹកនាំដោយលោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការជំរឿនទូទៅខេត្តសៀមរាប នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ បានចុះផ្ទាល់ដល់ភូមិគ្រឹះឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោចក ក្រុងសៀមរាប ស្របពេលដែលមន្ត្រីជំរឿននៅទូទាំងប្រទេស បាននឹងកំពុងអនុវត្តសកម្មភាពជំរឿន ប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

      ក្នុងឱកាសដែលមន្ត្រីជំរឿន បានចុះផ្ទាល់ដល់ភូមិគ្រឹះរបស់ឯកឧត្តមអភិបាលខេត្ត ដោយក្រុមការងារ នៃមន្ត្រីជំរឿន បានជម្រាបជូនឯកឧត្តម និង លោកជំទាវ អំពីគោលការណ៍មួយចំនួនពាក់ព័ន្ធ នឹងការជំរឿនប្រជាពលរដ្ឋ ដែលបានបញ្ជាក់ឲ្យដឹងថា   ការធ្វើជំរឿននេះ វាមានសារៈសំខាន់ខ្លាំងណាស់ និង ជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជនកម្ពុជា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សំខាន់គឺទទួលបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដទូទាំងប្រទេស និង ជួយឲ្យរដ្ឋាភិបាល អាចរៀបចំគោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍ សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ពីព្រោះទិន្នន័យជំរឿននឹងផ្តល់នូវសូចនាករ តាមដាន ត្រួតពិនិត្យ  ការសម្រេចបានការ អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈ ឆ្នាំ២០១៦-២០៣០ ដោយមិនទុកចោលអ្នកណាម្នាក់ឡើយ ។

       ឯកឧត្តម ទៀ សីហា  និង លោកជំទាវ បានផ្តល់នូវបទសម្ភាសន៍យ៉ាងក្បោះក្បាយដល់ក្រុមការងារ ដែលបានធ្វើការសម្ភាសផ្ទាល់ ដើម្បីបង្កភាពងាយស្រួល ជូនដល់ក្រុមការងារធ្វើជំរឿន ដូចទៅនឹងប្រជាពលរដ្ឋទូទៅ ដែលបានបង្ហាញនូវឯកសារ សមាជិក ក្រុមគ្រួសាររបស់ឯកឧត្តមដល់មន្ត្រីចុះធ្វើជំរឿនផងដែរ ។

       ក្នុងកិច្ចសម្ភាសជាមួយលោកលោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ត និង ជាសមាជិក អចិន្ត្រៃយ៍គណៈកម្មាធិការជំរឿនទូទៅខេត្តសៀមរាប បានគូសបញ្ជាក់ថា នៅព្រះរាជាណាចក្រកម្ពុជាការធ្វើជំរៀនទូទៅប្រជាជនមាន៣លើក មកហើយ នៅឆ្នាំ២០១៩នេះគឺជាលើកទី៤ ។ លោកបានបន្តទៀតថា ចំពោះការធ្វើបច្ចុប្បន្នភាពផែនទីមណ្ឌលជំរឿន និង ចុះបញ្ជីផ្ទះតាមបណ្តាក្រុង ស្រុកបាន៩៥% ដោយមានមន្ត្រីជំរឿន និងធ្វើកិច្ចសម្ភាសនៅទូទាំងខេត្ត  មានចំនួនសរុប ៣ពាន់៨នាក់ ។ លោកបានឲ្យដឹងទៀតថា ការជំរឿននេះបានប្រព្រឹត្តទៅទូទាំងខេត្តសៀមរាប ប្រកបដោយលទ្ធផលល្អ ប្រសើរ ដោយមានការចូលរួមសហការពីម្ចាស់ផ្ទះសំណាក់ ក្រុមហ៊ុន សណ្ឋាគារ មន្ទីរពេទ្យ ភោជនីយដ្ឋាន វត្តអារាម គ្រឹះស្ថានសិក្សាឯកជន ក្នុងការផ្តល់នូវព័ត៌មានដល់មន្ត្រីជំរឿន ហើយចំពោះបញ្ហាប្រឈម គឺមានតិចតូចប៉ុណ្ណោះ ៕មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ