ខេត្តពោធិ៍សាត់៖ ​ ប្រជាពលរដ្ឋជាង១ពាន់នាក់ប្រារព្ធខួបលើកទី១០៨​ នៃទិវាអន្តរជាតិ​ ៨មីនា​ ​
March 05, 2019 អ្នកទស្សនា :

       ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងមិទ្ទិញអបអរសាទរ ខួបលើកទី១០៨ នៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» ដោយបានការអញ្ជើញចូលរួមពី អ្នកតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អង្គការដៃគូ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សមាជិក សមាជិកា សាខា អនុសាខា និងបណ្តាញសមាគមនារី ខេត្ត ស្រុក ក្រុង និងតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត សរុបជាង១ពាន់នាក់។

       ​លោកស្រី​ សិទ្ធិ ណារ៉ាស៊ី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានជម្រាបជូនរបាយការណ៍វឌ្ឍនភាពការងារកិច្ចការនារី រយៈ​ពេលមួយឆ្នាំដល់សមាជិក សមាជិកា​ ក្នុងឱកាសខួបលើកទី១០៨​ ទិវានារីអន្តរជាតិ​ ៨មីនា​ ដោយបានបញ្ជាក់ថា ស្ត្រីពិតជាមិនអាចខ្វះបាន​ ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ព្រោះស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច មានតួនាទីរួមចំណែកដ៏សំខាន់ជាមួយបុរស​ និងជាដៃគូ​ ក្នុងការធ្វើឲ្យប្រសើរឡើង​ នូវស្ថានភាព​ និងជីវភាពសង្គម។ ជាក់ស្តែងស្ត្រីខេត្តពោធិ៍សាត់​ បានចូលរួមចំណែកក្នុងការធ្វើសេចក្តីសម្រេចចិត្ត​ ក្នុងវិស័យនយោបាយនិងវិស័យមុខងារសាធារណៈ ជាសមាជិការដ្ឋសភា១រូប ក្រុមប្រឹក្សាខេត្ត១រូប ក្រុមប្រឹក្សាស្រុកក្រុង​៩រូប ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់២រូប ជំទប់ទី១ចំនួន១៣រូប ជំទប់ទី៣ចំនួន៤រូប​ និងស្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់៣៨រូប។ ស្ត្រីក្នុង មុខងារសាធារណៈ ជាអភិបាលរងខេត្ត១រូប អភិបាលរងស្រុក ក្រុង៦រូប ជាប្រធានមន្ទីរ២រូប អនុប្រធានមន្ទីរ១១រូប ប្រធាន ការិយាល័យថ្នាក់ខេត្ត៣៧រូប និងថ្នាក់ស្រុក​ក្រុង១១រូប។ លោកស្រីបានឲ្យដឹងទៀតថា មន្ទីរកិច្ចការនារី បានសហការជាមួយគណៈកម្មការ​ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព​ និងអភិវឌ្ឍន៍​ ដែលមានលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ជាប្រធានកិត្តិយស បានធ្វើសកម្មភាពផ្តោតសំខាន់​ ការងារមនុស្សធម៌​ ជួយជនចាស់ជរា ទុរគតជន​ និងពិធីបុណ្យផ្សេងៗ ចំណាយថវិកាអស់ជាង១១១លានរៀល ក្នុងនោះថវិកាផ្ទាល់របស់លោកជំទាវ អស់ជាង៦៤០លានរៀល។

       ​ថ្លែងក្នុងអង្គមិទ្ទិញ​ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចាត់ទុកទិវាអន្តជាតិនារី​ ៨មីនា​ ខួបលើកទី១០៨ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» នៅក្នុងខេត្តរបស់យើងនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់​ ក្នុងគោលបំណងបន្តរំលេចពីតម្លៃសន្តិភាព​ និងជំរុញគាំទ្រស្រ្តី​ ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទី និងសុខុមាលភាព អភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយគុណភាព និងសមត្ថភាព។ ឯកឧត្តមបន្តថា​ ការបញ្ជ្រាបយេនឌ័រទៅក្នុងក្របខណ្ឌគោលនយោបាយជាតិ​គាំពារសង្គម២០១៦-២០២៥​ របស់រាជ រដ្ឋាភិបាល​ បាននឹងកំពុងបន្តរៀបចំគម្រោងស្បៀងបម្រុងនិងសាច់ប្រាក់បន្ថែម​ ដល់ស្ត្រីមានផ្ទៃពោះ​ និងកុមារ​ ដែលជាផ្នែកនៃប្រព័ន្ធជំនួយសង្គម​ និងកំពុងអនុវត្តមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការ​ និងអតីតយុទ្ធជន​ និងជនពិកា។​ ឯកឧត្តមបានថ្លែងឲ្យដឹងទៀតថា ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានលើកទិសដៅផែនការ សកម្មភាពការងារឆ្នាំ២០១៩​ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តីបន្តផ្សព្វផ្សាយអនុសញ្ញាការលុបបំបាត់​ រាល់ទម្រង់រើសអើង បញ្ជ្រាបយេនឌ័រកាន់តែទូលំទូលាយ​ ស្វែងយល់អំពីឧបស័គ្គក្នុងការបំពេញភារកិច្ចរបស់ស្ត្រីនៅថ្នាក់ក្រោមជាតិ អភិវឌ្ឍន៍សមត្ថភាព​ស្រី្តជាថ្នាក់ដឹកនាំ ជាពិសេសស្ត្រីវ័យក្មេង។ ជាមួយគ្នានោះ  ឯកឧត្តមក្នុងនាមរដ្ឋបាលខេត្ត សូមសម្តែងនូវការ​កោតសរសើរដោយ​ស្មោះ ដល់បងប្អូននារីទូទាំងខេត្ត ដែលបានចូលរួម និងមានការតស៊ូ អំណត់ ព្យាយាម កែប្រែឥរិយាបថរបស់មនុស្សក្នុង​សង្គម​ ទទួល​បាន​​នូវអត្ថប្រយោជន៍ពីធនធានសេដ្ឋកិច្ច​ និងសិទ្ធិស្មើគ្នា​ ជាមួយបុរស។ 

       ក្នុងឱកាសនោះ​ ឯកឧត្តម អភិបាលខេត្ត និង ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ក៏បានទទួលបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ពីប្រធានមន្ទីរ និងសមាជិកាកិត្តិយស សមាគមនារីខេត្ត និងបានចែកជូនវត្ថុកំដរដៃ ដល់អ្នកចូលរួមជាង១ពាក់នាក់ ក្នុងម្នាក់ទទួលបានសារុង១ ដែលជាអំណោយផ្ទាល់ខ្លួនរបស់ឯកឧត្តម និងលោកជំទាវផងដែរ៕មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ