ខេត្តកណ្តាល និងខេត្តអានយ៉ាង ប្តេជ្ញារួមគ្នាបង្ការ បង្ក្រាបបទល្មើសឆ្លងដែន ឱ្យមានប្រសិទ្ធភាព និងពង្រឹងរក្សាស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែនរវាងខេត្តទាំងពីរ
March 05, 2019 អ្នកទស្សនា :

      ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងឯកឧត្តម  ឡេ វ៉ាំងនឹង អនុប្រធានគណៈកម្មា​ធិការ​ប្រជាជនខេត្តអានយ៉ាង បានជួបប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រត្តិការ៦ខែចុងឆ្នាំ​២០១៨ និងលើកទិសដៅ៦ខែដើមឆ្នាំ២០១៩ ដែលប្រព្រឹត្តិឡើងនៅសាលាខេត្តកណ្តាល។ បន្ទាប់ពីកិច្ចប្រជុំ ខេត្តទាំងពីរបានឯកភាពគ្នា កាលពីព្រឹកថ្ងៃទី០៤  ខែមីនា ២០១៩នេះ ហើយនឹងបន្តរក្សាការពារ គ្រប់គ្រងព្រំដែនតាមស្ថានភាពបច្ចុប្បន្ន និងទប់ស្កាត់ឲ្យទាន់ពេលវេលានូវសកម្មភាពគ្រប់រូបភាព ដូច​ការរុករានទន្ទ្រានព្រៃ ដីធ្លី ការដាក់បណ្តែតផ្ទុះទឹក និងបែរត្រី នាំឲ្យផ្លាស់ប្ដូរចរន្តទឹក បណ្តាលឲ្យបាក់ច្រាំងទន្លេ ព្រែក នាំឲ្យប៉ះពាល់ដល់ដី បង្កើនផល ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងបង្គោលខណ្ឌសីមាព្រំដែន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

       ភាគីទាំង២ក៏បានលើកឡើងពីបញ្ហាបន្ទាត់ព្រំដែនរវាងខេត្តទាំង២ ដើម្បីធ្វើយ៉ាងណារួមគ្នាបង្ការ និងបង្ក្រាបគ្រប់បទល្មើសឆ្លងដែន សំដៅរក្សាស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន រវាងខេត្តទាំង២។ ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព នូវផែនការកិច្ចសហប្រតិបត្តិការ ក្នុងការបង្ការបង្ក្រាប រាល់បទល្មើសឆ្លងដែនដូចជា អំពើភេរវកម្ម ការរត់គេចពន្ធគយ ការជួញដូរគ្រឿងញៀន អាវុធជាតិផ្ទុះ ជួញដូរមនុស្សឆ្លងដែន ទប់ស្កាត់ បង្ក្រាបបទល្មើស ធនធានធម្មជាតិ និងអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីសំដៅរក្សាស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ តាមខ្សែបន្ទាត់ព្រំដែន រួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ មិត្តភាពរវាងកម្ពុជា-វៀតណាម និងប្រជាជននៃភាគីទាំងសងខាង។ ជាងនេះទៅទៀតខេត្តទាំង២និងបន្តសហការជាមួយគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែននៃប្រទេសទាំង២ កម្ពុជា-វៀតណាម ដើម្បីជំរុញល្បឿនការបោះបង្គោលខណ្ឌសីមាព្រំដែនរវាងខេត្តទាំង២។ ភាគីទាំងពីរ ឯកភាពគ្នាបង្កើតក្រុមការងារចម្រុះថ្នាក់ខេត្ត និងសហការជាមួយក្រុមការងារថ្នាក់ជាតិប្រទេសទាំងពីរ ដើម្បីដោះស្រាយផ្ទះបណ្តែតទឹក បែរត្រី និងការបាក់ច្រាំង នៅតាមព្រែកជ្រៃធំ ព្រែកប៉ិញយី និងច្រាំងទន្លេបាសាក់ ផងដែរ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ