អភិបាលខេត្តពោធិ៍សាត់ ចូលរួមបើកសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៩ របស់ស្នងការខេត្ត
March 04, 2019 អ្នកទស្សនា :

       ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៩ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ សន្និបាតនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងប្រតិភូអមដំណើរ ដែលមានសមាជិកសមាជិកា ចូលរួមប្រមាណ២០៥នាក់ ក្នុងនោះស្រី៧នាក់។

       របាយការណ៍ ដែលអានដោយលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត បានឲ្យដឹងថា សភាពការណ៍ទូទៅ ក្នុងទឹកដីខេត្តពោធិ៍សាត់ កាលពី១ឆ្នាំកន្លងទៅនេះ បទល្មើសព្រហ្មទណ្ឌថយចុះ៣២% ស្មើនឹង១០០លើ១៤៧លើក ថយចុះ៤៧លើក ក្នុងនោះបទល្មើសឧក្រិដ្ឋ១៩លើ៣៣លើក ថយចុះ១៤លើក ស្មើនឹង៤២%, បទល្មើសមជ្ឈឹមមាន៨១លើ១១លើក ថយចុះ៣៣លើក ស្មើនឹង២៩% ក្នុងករណីទាំងនេះ សមត្ថកិច្ចបង្ក្រាបបានចំនួន៧២ករណី ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៨៤នាក់ គឺបទឧក្រឹដ្ឋ១៥ករណី ឃាត់ខ្លួន១៦នាក់ និងបទមជ្ឈឹម៥៧ ករណីឃាត់ខ្លួន៦៨នាក់ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។ ចំពោះសន្តិសុខសណ្តាប់ធ្នាប់ក្នុងទូទាំងខេត្ត មានសភាពល្អគួរជាទីមោទនៈ និងមានការជឿជាក់ពីប្រជាពលរដ្ឋ។

       មានប្រសាសន៍ក្នុងសន្និបាត ឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់មន្ត្រីនគរបាល នៃស្នងការនគរបាលខេត្តពោធិ៍សាត់ ដែលធ្វើឲ្យបទល្មើសមានថយចុះ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងមក។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំង២ បានជំរុញឲ្យមន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើខ្លួនជាម៉ែជាឳនៅក្នុងមូលដ្ឋាន ដោយបន្តលើកិច្ចការរបស់ខ្លួន ក្នុងការថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ អនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវ ប្រកបដោយសេចក្តីថ្លៃថ្នូរ ដើម្បីឲ្យប្រជាពលរដ្ឋគ្មានការភ័យខ្លាច អំពីអសន្តិសុខហើយមានការអភិវឌ្ឍន៍នៅមូលដ្ឋាន។ ភាពសុខសាន្តដែលមានរហូតមកដល់សព្វថ្ងៃ អាស្រ័យលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ កត្តានេះធ្វើឲ្យមន្រ្តីនគរបាល ត្រូវចងចាំជានិច្ចដោយអនុវត្តច្បាប់ជាធំ មានវប្បធម៌កតញ្ញូ និងចរឹកជាតិនិយម ដើម្បីរួមគ្នាថែរក្សាសន្តិភាព និងបម្រើសេវាប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

      ថ្នាក់ដឹកនាំទាំងបានបន្ថែមថា ទន្ទឹមគ្នានោះ ត្រូវបង្កើតក្រុមតាមដានព័ត៌មានមួយ ដើម្បីឆ្លើយតបភ្លាមៗទៅនឹងជនខិលខូចមួយចំនួន ដែលញុះញង់បំពុលព័ត៌មានមួលបង្កាច់ ចោទប្រកាន់ វ៉ៃប្រហារ មកលើសមត្ថកិច្ចនគរបាលយើង ជាពិសេសរាជរដ្ឋាភិបាលស្របច្បាប់ នៅក្នុងបណ្តាញសង្គម និងជួរប្រជាពលរដ្ឋ។ ជាមួយគ្នានោះមន្តី្រនគរបាល ត្រូវធ្វើការបង្កាទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ មិនឲ្យកើតមានដូចជា៖ ចោរកម្ម ការជួញដូរមនុស្ស ការរីករាលដាលគ្រឿងញៀន និងការពារសុវត្ថិភាពសន្តិសុខ នៅតាមរមណីយដ្ឋាននានា តំបន់ព្រំដែន ក្នុងទឹកដីខេត្តពោធិ៍សាត់ និងបន្តធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច ឲ្យបានជាប្រចាំ។

      ក្នុងឱកាសនោះ ក៏មានពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ត្រី និងថ្នាក់វរសេនីយ៍ទោ ជូនមន្ត្រីនគរបាលខេត្ត ចំនួន២៤រូប ព្រមទាំងប្រគល់ប័ណ្ណសរសើរ ជូនដល់កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចំនួន៩រូប ដែលមានស្នាដៃក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ផងដែរ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ