អភិបាល​ខេត្ត​កំពង់ឆ្នាំង ចូលរួម​ពិធី​ប្រគល់ផ្ទះថ្មី​ ២ខ្នង​ ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​
March 04, 2019 អ្នកទស្សនា :

       នៅថ្ងៃចន្ទ ១៣រោច​ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​ ជាព្រះរាជអំណោយរបស់​សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ ជូនប្រជារាស្ត្រចំនួន ២គ្រួសារ រស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ផ្ទះទាំង​ពីរខ្នងនេះប្រើពេលសាងសង់អស់រយៈពេល​ ៦០ថ្ងៃ​​ ដែលផ្ទះនីមួយៗចំណាយ​ថវិកា​ ៥.២៤៤,៥០ដុល្លារ​ (ប្រាំពាន់ពីររយសែសិបបួន​ដុល្លារ និងហាសិបសេន)​ មានទំហំ​ ៤​m x ៦m​ សង់ពីថ្ម​ ប្រក់ហ្វីប្រូ​ ក្រាលការូ​ តតាកមុខផ្ទះស័ង្កសី​ និងចាក់សាបក្រោមតាកមុខផ្ទះ​ ៣m x ៤m​ ត្រូវបានប្រគល់ជូនគ្រួសារទី១​ ម្ចាស់ផ្ទះឈ្មោះអ្នកស្រី​ ជា​ រ៉េន​ អាយុ​ ៣៥ឆ្នាំ​ ជាស្ត្រីមេម៉ាយ​ទទួលបន្ទុកចិញ្ចឹមកូន​ ៤នាក់​ ប្រកបរបរស៊ីឈ្នួលច្រូតស្រូវឱ្យគេ​ និងធ្វើល្អីលក់​ រស់នៅភូមិកែវឡាត​ ឃុំពន្លៃ​ និងគ្រួសារទី២​ ម្ចាស់ផ្ទះឈ្មោះ​ អ្នកស្រី​ អុល​ ធីតា​ អាយុ​ ៣២ឆ្នាំ​ និងស្វាមី​ ដែលមានកូនស្រី​ ២នាក់​ រងគ្រោះដោយអំពើរំលោភសម្លាប់​ រស់នៅភូមិថ្មី​ ឃុំផ្សារ។

      ក្នុងឱកាសនោះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខា​ធិការ​រងទី​ ១​ ​កាកបាទក្រហមកម្ពុជា​ រួមជាមួយឯក​ឧត្តម​ ឈួរ​ ច័ន្ទឌឿន​ ប្រធានកិត្តិយសសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ឆ្នាំង​ បាន ពាំនាំនូវព្រះរាជបណ្តាំ និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក​និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ​ពីសំណាក់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង​ ២ខ្នង​ និងប្រជារាស្ត្រ​ទាំងអស់​ ព្រមទាំងសូមផ្តាំផ្ញើឱ្យយកចិត្តទុកដាក់គិតគូរលើក​កម្ពស់ជីវភាពគ្រួសារ​ ត្រូវខិតខំប្រកបរបចិញ្ចឹមជីវិត​ ជាពិសេស​ ថែទាំសុខភាពឱ្យបានល្អ​ មានអនាម័យក្នុងការរស់នៅ​ និងផឹកទឹកឆ្អិនដាំពុះ​ជានិច្ច។ ដោយឡែក​ ចំពោះអ្នកស្រី​ ជា​ រ៉េន​ ដែលមានកូន​ ៤នាក់នោះ​ ត្រូវគិតគូរបញ្ជូនកូនទៅសាលារៀនដើម្បីក្រេបយក​ចំណេះដឹង​ដើម្បីអនាគតភ្លឺស្វាង​ មានសមត្ថភាពចិញ្ចឹមជីវិតនិងលើកស្ទួយជីវភាពគ្រួសារ ហើយជាពិសេស​ អាជ្ញាធរមូលដ្ឋាន​ ក៏ត្រូវយកចិត្តទុកដាក់​គិតគូរជួយជំរុញអាណាព្យាបាលទាំងអស់ឱ្យបញ្ជូនកូនចៅទៅសាលារៀនឱ្យបានគ្រប់ៗគ្នាដែរ។

       អំណោយសម្រាប់សង្កត់ផ្ទះនីមួយៗរួមមាន​ ៖​ អង្ករ​ មី​ ត្រីខ​ ចាន​ ឆ្នាំង​ វែក​ ស្លាបព្រា​ ខ្ទះ​ កន្ទេល​ សាប៊ូ​ មុង​ ភួយ​ សារុង​ ក្រមា​ អាយឺត​ ចង្កៀងប្រើពន្លឺព្រះអាទិត្យ និងថវិកា​ ១លានរៀល។ ដោយឡែក​ ចាស់ៗឥតទីពឹងដែលរស់នៅជិតខាងចំនួន​ ២៦នាក់​ ក្នុងម្នាក់ៗទទួលបាន​ ៖​ អង្ករ​ មី​ ត្រីខ​ មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​ ចង្កៀងប្រើពន្លឺព្រះអាទិត្យ​ និងថវិកា​មួយចំនួន៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ