រដ្ឋបាលខេត្តព្រះសីហនុ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩
March 01, 2019 អ្នកទស្សនា :

     នៅព្រឹកថ្ងៃសុក្រ ១០ រោជ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ​២០១៩ រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

      ឯកឧត្តម យន្ត មីន អភិបាល ខេត្តព្រះសីហនុ បានឡើងអានរបាយការណ៍ជូនសម្តេច ដោយ​បាន​បញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុបានបំពេញការងារ ស្របតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដោយបានរៀបចំអង្គភាពច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ និង​មន្ត្រីផ្នែកជួរក្រោយ ដែលបាននឹងកំពុងបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព តម្លាភាព។ ឯកឧត្តមបន្តថា រដ្ឋបាលខេត្តបានដាក់ចេញនូវទិសដៅអាទិភាពដូចជាៈ សហការ​ឱ្យ​កាន់​តែល្អ ជាមួយក្រុមការងារក្រសួង មហាផ្ទៃដែលបានចុះជួយគាំទ្រ និងពង្រឹងការងាររដ្ឋបាលខេត្ត និង​សហការជាមួយវិស័យឯកជន  ព្រមជាមួយសង្គមស៊ីវិល។ ឯកឧត្តមបន្ថែមថា ការពង្រឹង​ការពារ​សន្តិ​សុខ របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ  និង​វិនិ​យោគគិន និងការពង្រឹងការងារភូមិ ឃុំមានសុវត្ថិភាព ៩ចំណុច ត្រូវបានយក​ចិត្តទុកដាក់ជាប់​ជា​ប្រចាំ និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលបានកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍យ៉ាង​ច្រើន​ផងដែរ។  ឯកឧត្តមបន្តថា ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ បានអនុវត្តប្រកបដោយ​ប្រសិទ្ធិ​ភាព តម្លាភាព និងគណនេយ្យភាព តាមរយអង្គភាពច្រកចេញ ចូលតែមួយខេត្ត ក្រុង ស្រុក ស្រប​តាម​បាវចនាថ្មី របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺកែទម្រង់ខាងក្នុង និងពង្រីក​ទំនាក់ទំនង​ខាងក្រៅ  ។

      សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រដ្ឋ​បាល​​ខេត្តសម្រេចបាននូវសមិទ្ធិផលជាច្រើន ពិសេសសន្តិភាព និងសុខមាល​ភាពសង្គម ក្នុងការ​អភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងការកៀងគរធនធានទុនយ៉ាងច្រើន មកធ្វើការវិនិ​យោគនៅ​ខេត្តព្រះសីហនុ ហើយក៍ជាឱកាសសម្រាប់ប្រជាពលរដ្ឋខេត្តព្រះសីហនុ ក៏ដូចប្រជា​ពលរដ្ឋនៅ​ទូទាំ​ង​ប្រទេស ប៉ុន្តែរាល់អ្នកវិនិយោគត្រូវតែចូលរួមគោរពច្បាប់នៃព្រះរាជាណាចក្រ កម្ពុជា។ សម្ដេចក្រឡា​ហោម បានបន្តថា ទាក់ទងនឹងបញ្ហាវិវាទដីធ្លីដែលមានអ្នកមានអំណាច និងអ្នកលុយចូលមក​ធ្វើអន្តរា​គមន៍​នៅ​ខេត្តព្រះសីហនុ ត្រូវតែបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ជាបន្ទាន់ និងត្រូវដកខ្លួនចេញ ដើម្បីការ​ពារ​ផលប្រយោជន៍ជាតិ ពិសេសការពារដាច់ខាតនូវដីរដ្ឋ ព្រោះវាជាផលប្រយោជន៍រួម​របស់យើង​ទាំង​អស់​គ្នា ម្យ៉ាងទៀតបញ្ហាទំនាស់ដីធ្លី គឺរដ្ឋបាលខេត្តត្រូវធ្វើការដោះស្រាយប្រកបដោយយុត្តិធម៍ និងត្រូវយកច្បាប់មកអនុវត្តជាមូលដ្ឋាន៕ គឹមអាន

          ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ