រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩
February 28, 2019 អ្នកទស្សនា :

     នៅថ្ងៃព្រហស្បត្តិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម កិតិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួង និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនទៀត។

     ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍អោយដឹងថា រយៈពេល១ថ្ងៃមកនេះ អង្គសន្និបាតបានចូលរួមធ្វើការពិភាក្សានូវរាល់ចំណុចខ្លាំង ចំណុចខ្សោយ និង បញ្ហាប្រឈមនានា ដែលរដ្ឋបាលខេត្ត អាជ្ញាធរ មន្ទីរជំនាញបានអនុវត្តនាឆ្នាំ២០១៨កន្លងមក និងបានដាក់ចេញនូវផែនការសម្រាប់អនុវត្ត ដើមី្បឆ្លើយតបទៅនឹងតម្រូវការ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើមី្បឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋាន រឹងមាំសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ ធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ក្នុងបរិបទនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ តាមបែបវិមជ្ឈការ និងសហវិមជ្ឈការ ។

មានប្រសាន៍ក្នុងពិធីបិទសន្និបាត ឯកឧត្តមកិតិបណ្ឌិត ពេជ្រ ប៊ុនធិន ក៏បានសម្តែងនូវការកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការចូលរួមខិតខំប្រឹងប្រែង និង កិច្ចសហការគ្នាបានល្អ ក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្ត ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការ សកម្មភាពការងារនាឆ្នាំកន្លងមក ស្របតាមគោលការណ៍ច្បាប់ និង គោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ន និង ការសម្រេចបានរបស់ក្រុមប្រឹក្សាខេត្ត របស់ខ្លួន ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ការអភិវឌ្ឍន៍កម្មវិធីកំណែទម្រង់ជាអាទិភាព ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ។ ដោយផ្អែកលើមូលដ្ឋានលទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០១៨កន្លងមក ហើយក្នុងឆ្នាំ២០១៩នេះ យើងក៏ត្រូវបន្តរួមគ្នាសម្រេចឲ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាលបន្តទៀត ។ ឯកឧត្តមក៏បានធ្វើការក្រើនរំលឹកដល់មន្ត្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ត្រូវរួមសាមគ្គីគ្នាក្នុងការខិតខំថែរក្សាសន្តិភាព សេ្ថរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណៈសម្បត្តិអនុគ្រោះ ដល់ការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើគ្រប់វិស័យ ។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់អង្គសន្និបាតទាំងមូល ត្រូវយកចិត្តទុកដាក់លើកកម្ពស់លើការងារសន្តិសុខ សុវត្ថិភាព និងជម្រុញបង្កើនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវបទល្មើសនានា សំខាន់បញ្ហាចរាចរគ្រឿងញៀន ព្រមទាំងខិតខំបន្តដោះស្រាយបញ្ហានានា ដែលនៅសេសសល់ឆ្នាំចាស់ឲ្យមានតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពខ្ពស់ ព្រមទាំងបង្កើនការយកចិត្តទុកដាក់លើការផ្សព្វផ្សាយវេទិការសាធារណៈ នៅតាមមូលដ្ឋាន និង ការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ។

      នៅក្នុងឱកាសនោះគណអធិបតីបានបំពាក់គ្រឿងឥស្សរិយសមេដាយការងារជូនដល់មន្រ្តីរាជការដែលមានស្នាដៃក្នុងការបំពេញការងារនាពេលកន្លងមកផងដែរ ៕អែមមី

ប្រភពៈ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ