រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត
February 27, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាខេត្ត តំណាងកងកម្លាំងទាំងបី និងមន្ត្រីនានា សរុបចំនួនប្រមាណជាង ២០០នាក់ ក្នុងគោលបំណងដើម្បីពិនិត្យ និងកែសម្រួលរបាយការណ៍ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដើម្បីជំរុញការចូលរួមឲ្យកាន់តែសកម្ម និងផុលផុស គាំទ្រការអនុវត្តគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ។            មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពីចំណុចសំខាន់ៗ ដែលធ្វើឲ្យការងារប្រយុទ្ធប្រឆាំងជួញដូរមនុស្សមានដំណើរការល្អ និងផ្តល់នូវមតិណែនាំបន្ថែម ទៅដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបន្តពិនិត្យមើលទៅលើយន្តការនៃរចនាសម្ព័ន្ធគ្រប់ថ្នាក់ ទៅលើប្រព័ន្ធនីតិវីធីនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយ យុទ្ធសាស្ត្រនានា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ត្រូវមានផែនការសកម្មភាពស្របតាមបរិបទសង្គមនៅតាមមូលដ្ឋាន ត្រូវប្រើមធ្យោបាយសរុប កម្លាំងសរុប វិធានការណ៍សរុប ដើម្បីជំរុញផែនការសកម្មភាពអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ។ អាស្រ័យដោយ អំពើជួញដូរនេះ បានបង្កនូវការគំរាមកំហែង ដោយផ្ទាល់ទៅលើវប្បធម៌ និងប្រពៃណី គ្រួសារ តម្លៃសង្គមកម្ពុជា ដូច្នេះឯកឧត្ដមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលបានអនុវត្តជាប្រចាំបន្ថែមទៀត ដើម្បីតាមដាននូវសកម្មភាពបទល្មើសជួញដូរមនុស្ស និងត្រូវដាក់ផែនការតាមដានគ្រប់ ក្រុង ស្រុក និងតាមច្រកទ្វាព្រំដែននានាជាប់ប្រទេសជិតខាង ក្នុងការទប់ស្កាត់ ការបង្ក្រាបការជួញដូរ មនុស្សឲ្យមានប្រសិទ្ធភាពខ្ពស់ ទន្ទឹមនេះ ក៏ត្រូវជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានជ្រួតជ្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរបង្កើតការងារធ្វើ និងលើកទឹកចិត្តពួកគាត់ឲ្យស្វែងរកការងារធ្វើនៅក្នុងស្រុក ហើយក្នុងករណីត្រូវស្វែងរកការងារនៅក្រៅស្រុក ត្រូវធ្វើតាមរយៈក្រុមហ៊ុនស្របច្បាប់ ឬភ្នាក់ងារនាំពលករចេញទៅក្រៅប្រទេសដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ជៀសវាងការឆ្លងដែនដោយប្រថុយ តាមរយៈមេខ្យល់ ដែលជាប្រភព នៃការជួញដូរមនុស្ស ៕អែមមី

ប្រភពៈរដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ