ថ្នាក់ដឹកនាំខេត្តកំពង់ចាម ជម្រុញមន្ទីរ អង្គភាព ពិសេស រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ យកចិត្តទុកដាក់ និងដឹកនាំការងារជំរឿននៅមូលដ្ឋាន ឲ្យបានហ្មត់ចត់បំផុតក្នុងឆ្នាំ២០១៩នេះ
February 27, 2019 អ្នកទស្សនា :

      កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការជំរឿនប្រជាជនទូទៅឆ្នាំ២០១៩ នៅខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកលោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក មេឃុំ សង្កាត់ ប្រមាណជា ២៥០នាក់ផងដែរ។

      ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានជម្រុញឲ្យបណ្ដាមន្ទីរ អង្គភាព ជាពិសេស រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ យកចិត្តទុកដាក់ និងដឹកនាំការងារជំរឿន នៅក្នុងមូលដ្ឋាននីមួយៗ ឲ្យបានហ្មត់ចត់បំផុត។ ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើង ខណៈដែលឯកឧត្ដម រួមជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការជំរឿនប្រជាជនទូទៅ ឆ្នាំ២០១៩ នៅខេត្តកំពង់ចាម ដែលរៀបចំឡើងដោយមន្ទីរផែនការខេត្ត នៅសាលប្រជុំសាលា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ ។

      ឯកឧត្ដម អភិបាលខេត្ត គូសបញ្ជាក់ថា ការងារជំរឿន ពិតជាមានអត្ថប្រយោជន៍ និងសារៈសំខាន់បំផុត ពីព្រោះថា ទិន្នន័យជំរឿន ជាតម្រូវការចាំបាច់បំផុត ក្នុងការធ្វើគោលនយោបាយ ការធ្វើផែនការអភិវឌ្ឍ ការធ្វើកម្មវិធីផ្សេងៗ សម្រាប់ការអភិវឌ្ឍខេត្ត ជាពិសេស ការអភិវឌ្ឍខេត្តជាតិ សម្រាប់វាយតម្លៃ ការសម្រេចគោលដៅប្រកបដោយចីរភាព និងជាសូចនាករ សម្រាប់តាមដានត្រួតពិនិត្យភាពក្រីក្រ ស្ថានភាពសេដ្ឋកិច្ច និងសង្គម ផងដែរ ។ យ៉ាងណាម៉ិញ បើយើងមានទិន្នន័យជំរឿនច្បាស់លាស់ និងល្អប្រសើរ នោះ វានឹងធ្វើឲ្យការដោះស្រាយបញ្ហានានា កាន់តែងាយស្រួល ។ ដូច្នេះ សូមឲ្យបណ្ដាមន្ទីរ អង្គភាព ជាពិសេស រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ទាំងអស់ ត្រូវធ្វើការបន្តការដឹកនាំដោយផ្ទាល់ និងដោយយកចិត្តទុកដាក់ និងហ្មត់ចត់បំផុត នៅលើកិច្ចការជំរឿននេះ ដោយត្រូវចូលរួមតាមដានយ៉ាងលម្អិត និងយ៉ាងជាក់លាក់បំផុត ថ្វីត្បិតតែពេលនេះ យើងមានមន្ទីរផែនការ ជាសេនាធិការឲ្យខេត្ត ក៏ដោយ ។ អញ្ចឹងទេ! អ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណា ឲ្យលទ្ធផលទិន្នន័យ ដែលទទួលបានមកហើយ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងច្បាស់លាស់ ពោលគឺ មានន័យថា បើទិន្ន័យទទួលបានច្បាស់លាស់កាលណា នោះវានឹងផ្ដល់នូវអត្ថប្រយោជន៍ កាន់តែធំ កាលនោះ ។

      គួររំលឹកថា ជំរឿនឆ្នាំ២០១៩ មានគោលបំណងដើម្បីរាប់ប្រជាជន តាមអាយុ និងភេទ ផ្ដល់របាយប្រជាជន តាមលក្ខណៈភូមិសាស្ត្រ សេដ្ឋកិច្ច សង្គម នឹងឈានទៅបង្កើតបញ្ជីសារពើភ័ណ្ឌ កម្លាំងពលកម្ម និងលក្ខណៈប្រជាសាស្ត្រ របស់ប្រទេសកម្ពុជា នៅក្នុងពេលកំណត់ និងផ្ដល់ជាស៊ុមគំរូ សម្រាប់ធ្វើអង្កេត និងធ្វើកម្មវិធីស្ថិតិផ្សេងៗ ។ ជំរឿនទូទៅប្រជាជន គឺសំដៅលើវិធីសាស្ត្រទាំងមូល នៃការប្រមូល ការចងក្រង ការវាយតម្លៃ ការវិភាគ និងការផ្សព្វផ្សាយទិន្នន័យ អំពីប្រជាជន នៃប្រទេសមួយ ។ ក្រៅពីនោះ ការងារនេះ ពាក់ព័ន្ធនឹងការចុះបញ្ជីមនុស្ស ការកត់ត្រាលក្ខណៈ របស់មនុស្សម្នាក់ៗ ក្នុងចំណោមមនុស្សទាំងអស់ តាមកាលបរិច្ឆេទកំណត់មួយ ។ ហេតុនេះ នៅពេលដែលធ្វើការចងក្រង ការវិភាគព័ត៌មាន ដែលបានមកពីជំរឿន យើងអាចដឹងពីទំហំ របាយប្រជាជន ព្រមទាំងលក្ខណៈប្រជាសាស្ត្រ សង្គម សេដ្ឋកិច្ច វប្បធម៌ នៃប្រជាជន ក៏ដូចជា ព័ត៌មានខ្លះអំពីអគារ ដែលបានកាន់កាប់ ដោយគ្រួសារ ស្ថានភាពនៅមូលដ្ឋាន និងសម្ភារៈប្រើប្រាស់ នៅក្នុងគ្រួសារ ផងដែរ ។ មួយផ្នែកទៀតនោះ ទិន្នន័យជំរឿន មានតម្រូវការចាំបាច់បំផុត ក្នុងការធ្វើគោលនយោបាយ ការធ្វើផែនការអភិវឌ្ឍ ការធ្វើកម្មវិធីផ្សេងៗ សម្រាប់ការអភិវឌ្ឍជាតិ សម្រាប់វាយតម្លៃ ការសម្រេចគោលដៅប្រកបដោយចីរភាព SDGs និងជាសូចនាករ សម្រាប់តាមដានត្រួតពិនិត្យភាពក្រីក្រ ស្ថានភាពសេដ្ឋកិច្ច និងសង្គម ផងដែរ ។

      គូសបញ្ជាក់ដែរថា ការងារជំរឿនប្រព្រឹត្តទៅ ក្នុងរយៈពេល ១០ឆ្នាំម្ដង ។ ដោយឡែក យុទ្ធនាការជំរឿនប្រជាជនទូទៅ ឆ្នាំ២០១៩នេះ គឺធ្វើឡើង នៅទូទាំងប្រទេសកម្ពុជា ដោយអនុវត្តចាប់ពី ម៉ោង ០០នាទី ថ្ងៃទី២ ឈានចូលថ្ងៃទី០៣ មីនា ឆ្នាំ២០១៩ តទៅ និងមានរយៈពេល ១៤ថ្ងៃប៉ុណ្ណោះ៕មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ