អភិបាលរងខេត្តក្រចេះ ចូលរួមពិធីប្រគល់សម្ភារល្បាតដល់ក្រុមល្បាតសហគមន៍ ក្នុងដែនជម្រកសត្វព្រៃ ព្រែកប្រសព្វ និងសំបូរ
February 26, 2019 អ្នកទស្សនា :

       នៅព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ក្រសួងបរិស្ថាន សហការជាមួយអង្គការអភិរក្សសត្វព្រៃ WWF បានប្រគល់សម្ភារល្បាតដល់ក្រុមល្បាត សហគមន៍ ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងដែនជម្រកសត្វព្រៃសំបូរ ក្នុងខេត្តក្រចេះ ក្រោមអធិបតី ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ ដោយមានការចូលរួមពី ប្រធានមន្ទីរបរិស្ថានខេត្ត មន្ត្រីនៃអង្គការ WWF មេឃុំ តំណាងសហគមន៏ អង្គការដៃគូអភិវឌ្ឍ និងសមាជិកក្រុមល្បាតទាំងអស់ប្រមាណជា១០០នាក់ ។           លោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិដ៏សម្បូរបែបនៅតំបន់ភូមិភាគឥសាននេះ អង្គការWWF បាននឹង កំពុងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងអាជ្ញាធរថ្នាក់ក្រោមជាតិពាក់ព័ន្ឋសំខាន់ៗ ក្នុងការលើកកម្ពស់ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព តាមរយៈការចងក្រងសហគមន៍ ការស្រាវជ្រាវ ការអនុវត្តច្បាប់ ការរអប់រំផ្សព្វផ្សាយ ការរៀបចំផែនការប្រើប្រាស់ដីធ្លី ការពង្រឹងការអនុវត្តគោលនយោបាយ និងការអភិវឌ្ឍជីវភាពរបស់ប្រជាសហគមន៍នៅតាមមូលដ្ឋាន ។

      ក្នុងឱកាសនោះដែរ លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះបានឱ្យដឹងដែរថា ប្រជាសហគមន៍គឺជាប្រតិបត្តិករយ៉ាងសំខាន់ក្នុងកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ដែលចំបាច់ត្រូវចូលរួមសហការគ្នាឱ្យកាន់តែមានប្រសិទ្ឋភាព និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការណ៍ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ។ ឯកឧត្តម បានលើកទឹកចិត្តដល់ប្រជាសហគមន៍ពង្រឹងកិច្ចសហការជាមួយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដែលរួមចំណែកសំខាន់ដល់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយការប៉ះពាល់នឹងព្រៃឈើ។

       នៅឱកាសនោះ ឯកឧត្តម ផៃ ប៊ុនឈឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាសហគមន៍មូលដ្ឋាន និងមន្រ្តីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិទាំងអស់ ក្នុងដែលបានចូលរួមជាមួយមន្រ្តីឧទ្យានុរក្ស និងស្ថាប័នពាក់ព័ន្ធ ការពារ និងអភិរក្សធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បន្ថែមថា ការប្រគល់សម្ភារៈល្បាតនាពេលនេះ គឺជាវេទិការមួយបានបង្ហាញឱ្យឃើញពីការចូលរួម និងការសហការគ្នារវាងអ្នកពាក់ព័ន្ឋ និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែល្អ ពង្រឹងការយល់ដឹង និងរកដំណោះស្រាយសមស្របពាក់ព័ន្ឋ នឹងការពារ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ក្នុងតំបន់ទេសភាពព្រៃលិចទឹកជារួម ។ ឯកឧត្តម ផៃ ប៊ុនឈឿន បញ្ជាក់បន្ថែមថា អ្វីដែលសំខាន់នោះគឺថ្នាក់មូលដ្ឋាន ប្រជាសហគមន៍ទាំងអស់ ត្រូវរួមសហការបន្ថែមទៀត ទប់ស្កាត់ឱ្យមានប្រសិទ្ឋភាពខ្ពស់នូវការបរបាញ់សត្វព្រៃ ការកាប់ទន្ទ្រានដីព្រៃ និងការកាប់បំផ្លាញព្រៃឈើ ជាដើម ហើយកន្លងមក ក្រសួងបរិស្ថានបានគាំទ្រជីវភាពប្រជាពលរដ្ឋ តាមរយៈគម្រោង ពង្រឹងជីវភាពសហគមន៍ដោយផ្តល់ជាពូជសត្វ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឲ្យមានភាពល្អប្រសើរ ៕អែមមី

ប្រភពៈរដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ