រដ្ឋបាលខេត្តកំពង់ឆ្នាំង បិទសន្និបាតបូកសរុប លទ្ធផលសកម្មភាពការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ការអនុវត្តឆ្នាំ២០១៩
February 26, 2019 អ្នកទស្សនា :

     នៅព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៩ នៅសណ្ឋាគារ​សុខ ថៃសាន្ត រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបិទសន្និបាតបូកសរុប លទ្ធផលសកម្មភាព​ការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់​ការអនុវត្ត​ឆ្នាំ២០១៩ក្រោម អធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ ដោយមានការចូលរួមពី លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជុំវិញខេត្តជាច្រើនផងដែរ។

​      ឯកឧត្តម​ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​កំពង់ឆ្នាំងបានមានប្រសាសន៍​ឱ្យ​ដឹង​ថា​ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល  ក្រសួងមហាផ្ទៃ និងស្ថាប័នថ្នាក់ជាតិ ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ឆ្នាំង  សម្រេចបាននូវសមិទ្ធផលធំៗ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ជាក់ស្តែង គឺធានាបានការគ្រប់គ្រងខេត្តតាមគោលការណ៍នីតិរដ្ឋ  អនុវត្តការងារបានត្រឹមត្រូវតាមបែបបទ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ច្បាប់។  ឯកឧត្តមបន្តថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានចូលរួមយ៉ាងសស្រាកសស្រាំក្នុងការថែរក្សា ពង្រឹងសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅមូលដ្ឋាន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន សម្រេចបានល្អ តាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព  ការងារបង្កបង្កើនផល និងការកសាងសមិទ្ធផលនានានៅទូទាំងខេត្ត។

      ជាមួយ​គ្នានេះ​ ឯកឧត្តមអភិបាល​ខេត្តបន្ថែមថា រដ្ឋបាលខេត្តប្តេជ្ញា បន្តជំរុញការពង្រឹងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍខេត្តលើគ្រប់វិស័យ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ឱ្យកាន់តែប្រសើរឡើង កាត់បន្ថយនូវការខ្វះខាត និងលុបបំបាត់ចំណុចអសកម្មនានា ប្រែក្លាយបញ្ហាប្រឈមឲ្យទៅជាឱកាស ដោយអនុវត្តផ្អែកលើមេរៀន និងបទពិសោធន៍ល្អៗ ដែលអង្គសន្និបាតប្រមូលបាន និងគោលការណ៍ដឹកនាំ ណែនាំរបស់ថ្នាក់លើ។ 

       ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតអ៊ុក រ៉ាប៊ុន បានផ្ដល់អនុសាសន៍សំខាន់ៗជាច្រើនរួមមាន៖ ការពង្រឹងសន្ដិភាព និងស្ថេរភាពនយោបាយ រដ្ឋបាលខេត្តរួមគ្នាខិតខំថែរក្សាសន្ដិភាព បូរណភាពដោយត្រូវរួមគ្នាប្រឆាំងដាច់ខាតពីការជ្រៀតជ្រែកពីខាងក្រៅ, បង្កើនការថែរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈដោយបន្ដជម្រុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព, ពង្រឹងវិធានការរដ្ឋបាល ច្បាប់ដើម្បីការពារទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន, ត្រូវបន្ដលើកកំពស់សុវត្ថិភាពសាធារណៈ ជាពិសេសសុវត្ថិភាពចរាចរណ៍ផ្លូវគោក, បន្ដលើកកំពស់ការអប់រំប្រជាពលរដ្ឋពីច្បាប់ចរាចរណ៍ ដើម្បីឈានដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបផុត, ពង្រឹងយន្ដការគ្រប់គ្រងជនអន្តោប្រវេសន៍, និងលើកកំពស់ការគ្រប់គ្រង ថែរក្សាធនធានធម្មជាតិដោយទប់ស្កាត់បទល្មើសព្រៃឈើ បទល្មើសនេសាទ និងពង្រឹងវិន័យ និងភាពស្អាតស្អំ, ពង្រឹងការផ្ដល់សេវាជូនប្រជាពលរដ្ឋតាមរយៈយន្ដការច្រកចេញចូលតែមួយ ដោយអនុវត្តការផ្ដល់សេវាប្រកបដោយតម្លាភាព យុត្តិធម៌ ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់។ ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តត្រូវសម្របសម្រួលជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធក្នុងការផ្ទេរសេវាទៅអង្គភាពច្រកចេញចូលតែមួយ ហើយរដ្ឋបាលខេត្តត្រូវសម្របសម្រួលជាមួយថ្នាក់ដឹកនាំមន្ទីរ រដ្ឋបាលក្រុង ស្រុកជម្រុញដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ មន្ដ្រីរាជការត្រូវមានអព្យាក្រឹត្យភាពលើមុខងារ និងត្រូវបម្រើសេវាសាធារណៈ ដោយមិនត្រូវរើសអើងនិន្នាការនយោបាយឡើយ៕ 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ