អភិបាលខេត្តព្រះវិហារ អញ្ជើញកាត់ខ្សែបូសម្ពោធ ដាក់ឲ្យប្រើប្រាស់ស្ថានីយ៍ទឹកពិសាភូមិយើង
February 26, 2019 អ្នកទស្សនា :

      នៅថ្ងៃអង្គារិ៍០៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូដាក់សម្ពោធ ឲ្យប្រើប្រាស់នូវស្ថានីយ៍ទឹកពិសាភូមិយើងស្ថិតក្នុង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

      មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិបាល ខេត្ត មានប្រសាន៍ណែនាំដល់ប្រជាពលរដ្ឋក្នុងការផ្លាស់ប្តូរឥរិយាបថពីការប្រើប្រាស់ទឹកគ្មានសុវត្ថិភាព មកប្រើប្រាស់ទឹកមានអនាម័យខ្ពស់ ឆ្លងកាត់ ការចម្រោះយ៉ាងត្រឹមត្រូវដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទទួលបាននូវសុខភាពល្អក្នុងជីវភាព រស់នៅប្រចាំថ្ងៃ។បន្ថែមពីនេះឯកឧត្តមមានប្រសាន៍ថាប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋដោយបានដាក់ចេញអាទិភាព៤ សំខាន់ក្នុងអាណត្តិទី០៦នេះក្នុងយុទ្ធសាស្រ្តចតុកោណដែលរួមមាន៖ផ្លូវ ភ្លើង ទឹក និងមនុស្ស ដែលជាជ្រុងដ៏សំខាន់នៃការអភិវឌ្ឍប្រទេសឆ្ពោះទៅការលើកម្ពស់កម្រិតជីវភាពឲ្យក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នូវឆ្នាំ២០៣០ ខាងមុខនេះ។

      ឯកឧត្តមបន្ថែមទៀតថា ស្របពេលដែលរាជរដ្ឋាភិបាល ណែនាំដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងផ្គត់ផ្គង់ទឹកប្រើប្រាស់នៅរដូវប្រាំងនេះ អាជ្ញាធរខេត្តសហការជាមួយមន្ទីរ ជំនាញ អង្កការដៃគូនានាក្នុងខេត្ត បាននឹងកំពុង រៀបចំយន្តការដោះស្រាយកង្វះខាតទឹកតាមមូលដ្ឋានពិសេសតាមជនបទ តាមរយះការជីក ស្រះ អណ្តូង នឹងនៅថ្ងៃនេះយើងទទួលបាននូវ ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតអនាម័យ ភូមិយើង ព្រមទាំងដាក់ដំណើរការក្នុងការផ្តល់សេវាទឹកស្អាត ជូនប្រជាពលរដ្ឋក្នុងន័យលើកកម្ពស់កំរិតថែទាំសុខភាពប្រកបដោយសុវត្ថិភាព និងសុខមាលភាពក្នុងមូលដ្ឋានយើង។  លើសពីនេះឯកឧត្តម បានក្រើនរំលឹកពីតម្លៃនៃសុខសន្តិភាពគឺយើងមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះដែលរួមមានសមិទ្ធផលរួមមានសាលារៀនមន្ទីរពេទ្យ ផ្លូវថ្នល់ ភ្លើង និងទឹកស្អាតជូនដល់ប្រជាពលរដ្ឋយើងទាំងនេះជាផលនៃសន្តិភាព សិទ្ធសេរីភាពនិងការរស់នៅប្រកបដោយសុកដុមនឹងគ្នា ព្រមទាំងត្រូវជឿជាក់រាជរដ្ឋាភិបាលក៏ដូចអាជ្ញាធរ កុំជឿលើជនអគតិដែលបង្កឲ្យអសន្តិសុខសង្គមយើង ។

      សូមបញ្ជាក់ថា ស្ថានីយ៍ទឹកពិសាភូមិយើងមានវិសាលភាពអាចផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋក្នុង ០៦ភូមិ ស្នើនឹង៣៣៥គ្រួសារ មានប្រជាពលរដ្ឋសរុប៥៣៥០នាក់ នៅទូទាំងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ៕មុនីរម្យ


ប្រភព៖រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ