ខេត្តក្រចេះ ប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ "ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ" ឆ្នាំ២០១៩
February 26, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឯកឧត្តម វ៉ា ថនអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ "ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ" ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ និងយុវជនប្រមាណជាង ៥០០នាក់ រួមគ្នាបោសសំអាតនៅតាមដងផ្លូវទីសាធារណៈ ក្នុងគោលបំណងដើម្បីបំផុសស្មារតីដល់សាធារណៈជនឲ្យកាន់តែយល់ដឹង និងចូលរួមសំអាតថែរក្សា និងចេះទុកដាក់វេចខ្ចប់នូវសម្រាមទៅតាមប្រភេទឲ្យបានល្អ។

      លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានគូសបញ្ជាក់ថា ៖ ប្រធានបទនេះ គឺត្រូវនិងគោលបំណងរបស់ពលរដ្ឋគ្រប់រូបដែលតែងតែប្រាថ្នាចង់រស់នៅក្នុងទីក្រុងប្រកបដោយភាព "ស្អាត និង បៃតង" ដោយយកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ពួកគាត់ មានការធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពអនាម័យ ហើយត្រូវបានរាជរដ្ឋាភិបាលកំណត់នៅក្នុងអនុក្រឹត្យលេខ 0 63 អន.ក្រប.ក នៅថ្ងៃទី២៧ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិច ពិសេសចូលរួមដល់ការអភិវឌ្ឍទីក្រុងនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្លាយជាទីក្រុងស្អាតប្រកបដោយភាពទាក់ទាញនិងភាពកក់ក្តៅ និងសុខមាលភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។

      ក្នុងនោះដែរលោក យិន វណ្ណៈ អភិបាលក្រុងក្រចេះ បានមានប្រសាសន៍លើកឡើងថា ៖  ដើម្បីសម្រេចបានគោលបំណងនៃការប្រកួតប្រជែងចលនាទីក្រុងស្អាតទទួលបានរំដួល៣ទង គឺតម្រូវឲ្យយើងទាំងអស់រួមគ្នាចូលរួម យកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងគ្រប់គ្រងទីក្រុងឱ្យបានត្រឹមត្រូវហ្មត់ចត់ និងមានកិច្ចសហការល្អពីគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អ និងប្រជាពលរដ្ឋក្នុងការចូលរួមផ្សព្វផ្សាយ និងអនុវត្តន៍ឲ្យបានផុលផុសនៅក្នុងការងារធ្វើអោយទីក្រុងរបស់យើងស្អាត។

      ទន្ទឹមនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ថា ៖ ទីក្រុងបៃតង គឺជាទីក្រុងដែលគ្មានសំរាម ដោយរក្សាបានកំណើនទេសចរណ៍ជារៀងរាល់ឆ្នាំ ហើយវិស័យទេសចរណ៍កម្ពុជា បាននឹងកំពុងបោះជំហានរីកចម្រើនយ៉ាងខ្លាំងជាលំដាប់ ព្រមជាមួយគ្នានេះ វិស័យទេសចរណ៍ត្រូវបានកំណត់ជាវិស័យអាទិភាព និងជាមាសបៃតង ដោយសារវិស័យនេះមិនត្រឹមតែបង្កើតការងារ លើកកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលជាតិប៉ុណ្ណោះទេ ថែមទាំងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក ព្រមទាំងលំហូរចូលនូវរូបិយប័ណ្ណអន្តរជាតិ ដែលជាកត្តារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដូច្នេះទាមទារឲ្យយើងមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរឱ្យបានដិតដល់អំពីបញ្ហាសណ្ដាប់ធ្នាប់សំណល់រឹង រាវ បរិស្ថានអនាម័យសន្តិសុខ និងសុវត្ថិភាព សាធារណៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំខាន់ការបង្កើតតំបន់កម្សាន្តបៃតង និងបង្កើតសកម្មភាពកម្សាន្តឲ្យបានសម្បូរបែបដើម្បីផ្ដល់ភាពទាក់ទាញផាសុកភាព និងភាពរីករាយដល់ប្រជាពលរដ្ឋភ្ញៀវទេសចរដែលចូលមកកំសាន្តនិងសំរាកលំហែនៅខេត្ត ដូច្នេះនៅរដូវធ្លាក់ភ្លៀង សូមចូលរួមដាំដើមឈើទាំងអស់គ្នា នៅតាមមន្ទីរ សាលារៀន និងតាមដងផ្លូវផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ