រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩
February 22, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ រៀបចំទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ "ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្ដៅ " នៅឆ្នេរអូឈើទាល ស្ថិត នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមអធិបតីឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ  និងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

      ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្នុងគោលបំណងបំផុស និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិ ពិសេសយុវជន កុលបុត្រ កុលធីតាខ្មែរ ឱ្យយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្ដល់នូវបដិសណ្ឋារកិច្ចល្អ រួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍សំដៅកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមចំណែកថែរក្សាភពផែនដី កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋប្រកបដោយចីរភាពនៅតាមបណ្ដាទីក្រុង ដើម្បីឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាស ធាតុ កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ។ ជាការឆ្លើយតប នឹងការអភិវឌ្ឍថ្មីៗនូវគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូល ដ្ឋានសំខាន់២ បង្កើតឧត្តមភាពប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍ។ ឈរលើមូលដ្ឋានកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត " ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ " ដែលជាយុទ្ធសាស្ត្រដ៏សម ស្របក្នុងការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ ជាមាសបៃតង និងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត និងបៃតងប្រកបដោយសុវត្ថិភាពខ្ពស់ ។

      ឯកឧត្តមបន្តថា ការប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ឆ្លុះ បញ្ចាំងពីភាពវៃឆ្លាត  "ភាពស្អាត និងបៃតង" ធានាសន្តិសុខ សុវត្ថិភាពពេញ លេញ ផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អ ពោលគឺ ផ្តល់នូវភាពកក់ក្តៅសម្រាប់ការរស់នៅ និងភ្ញៀវទេសចរ ធានាភាពស្អាត បៃតង អនាម័យ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមគ្រប់មធ្យោបាយ និងសន្តិសុខ សុវត្ថិភាព ផ្តល់នូវបដិសណ្ឋាកិច្ចល្អ មានសម្បទាផលិតផល និងសេវាកម្មប្រកបដោយប្រសិទ្ធិភាព ។ ដើម្បីទាក់ទាញភ្ញៀវមកទស្សនាកំសាន្ត ត្រូវតែជាក្រុងវៃឆ្លាត ក្រុងបៃតង ជាទីក្រុងស្អាត ជាទីក្រុងដែលមានបរិស្ថាន អនាម័យសណ្ដាប់ធ្នាប់ គួបផ្សំនិងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ផ្ដល់នូវភាពកក់ក្តៅ និងមជ្ឈដ្ឋានរស់នៅល្អដល់ប្រជាពលរដ្ឋ និងទេសចរ ។ ចូលរួមអនុវត្តឲ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវនូវចលនាប្រឡងប្រណាំង " ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ " ដើម្បីឱ្យកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចិរភាព និងភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ សាក់សមនិងកិត្តិនាមថា កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ