ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋគ្រប់រូបត្រូវមានកាតព្វកិច្ចចូលរួមក្នុងការបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីធានាកាត់បន្ថយការឆេះខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត
February 22, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៩នេះ  លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៤ របស់ខេត្តក្រចេះ និងការចូលរូមពីមន្រ្តីពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាយុវជន ប្រមាណជាង ៤០០ នាក់។

      លោកឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ បានបញ្ជាក់ឲ្យដឹងថា ៖ គ្រោះថ្នាក់អគ្គិភ័យដែលបណ្តាលមកពីអគ្គិភ័យឆ្នាំ ២០១៨ នៅខេត្តក្រចេះ បានកើតឡើងចំនួន ១៦ លើក បើប្រៀបធៀបទៅនិងឆ្នាំ ២០១៧ បានបង្ហាញថាមានតួរលេខស្មើគ្នា ហើយករណីគ្រោះថ្នាក់អគ្គីភ័យទាំង ១៦ លើកនេះ គឺកើតឡើងនៅតាមបណ្តាលក្រុង ស្រុក ក្នុងខេត្តក្រចេះ ក្នុងនោះស្រុកសំបូរ ឆេះផ្ទះចំនួន ៤ ផ្ទះ ស្រុកស្នួល ៥ ផ្ទះ រោងដាក់សម្ភារ១ ខ្នង ស្រុកឆ្លូង ឆេះផ្ទះ ១ ផ្ទះ ស្រុកចិត្របុរី ៦ ផ្ទះ និងព្រែកប្រសព្វ ៣ ផ្ទះ ហើយករណីទាំងនោះ បានបណ្តាលឲ្យមនុស្សទទួលរងបួសស្រាលចំនួន ៣ នាក់ ស្រី១នាក់ ។លោកបន្តថា ៖ ដោយពិនិត្យឃើញពីស្ថានភាពជាក់ស្តែង អំពីគ្រោះថ្នាក់ដោយអគ្គិភ័យពី១ឆ្នាំ ទៅ១ឆ្នាំ មានការកើនឡើងជាបន្តបន្ទាប់ ចំណែកសំណង់អាគារមានការរីកចម្រើន តាំងពីទីក្រុងដល់ជនបទ ហើយការសាងសង់កម្ពស់ជាច្រើនជាន់ ដូច្នេះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់កាន់តែខ្លាំង ដើម្បីបង្ខិតសេវាទៅដល់មូដ្ឋាន និងជិតប្រជាពលរដ្ឋនោះ ក្នុងឆ្នាំ ២០១៦ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ទទួលបានចំនួន ៥គ្រឿង ពីក្រសួងមហាផ្ទៃ ហើយនៅឆ្នាំ២០១៨នេះ ទទួលបានបន្ថែម១គ្រឿងទៀត ហើយស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក៏បានធ្វើការបែងចែកទៅឲ្យអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៦ ក្នុងខេត្តផងដែរ។

       លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត មានប្រសាសន៍  លើកឡើងថា ៖ ភ្លើង គឺជាមធ្យោបាយបម្រើជីវភាពរស់នៅរបស់មនុស្សប្រចាំថ្ងៃ ជាប្រចាំនៅក្នុងសង្គម តែភ្លើងនេះ វានិងក្លាយទៅជាអគ្គិភ័យ ឆេះបំផ្លាញទ្រព្យសម្បតិ្ត អាយុជីវិត មនុស្ស សត្វ និងបរិស្ថានគ្រប់ពេលវេលា នៅពេលណាមនុស្សធ្វេសប្រហែស និងមិនមានការប្រុងប្រយ័ត្ន ឬអត្តនោម័ត ធ្វើដោយពុំមានបច្ចេកទេសឲ្យបានត្រឹមត្រូវ ។ ហើយការប្រារព្វទិវានេះឡើង គឺសំដៅរំលឹកឲ្យប្រជាពលរដ្ឋយើងទូទាំងខេត្តមានការយល់ដឹង និងចងចាំបានថា អគ្គិភ័យគឺជាគ្រោះថ្នាក់យ៉ាងសាហាវមួយ ដែលអាចបំផ្លិចបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋបានគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ឬគ្មានការប្រុងប្រយ័ត្ន  បើតាមពាក្យចាស់បុរាណខ្មែរបានពោលថា ៖ “ ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ ” ពាក្យនេះចង់គូសបញ្ជាក់ថា គ្រោះថ្នាក់អគ្គិភ័យ ជាគ្រោះមហន្តរាយធ្ងន់ធ្ងរជាងគ្រោះលិចទូក ដោយហេតុថា វាមិនត្រឹមតែឆេះអស់រលីង នូវទ្រព្យសម្បត្តិដែលខំរកស៊ីសន្សំទុកពីយូរឆ្នាំមកហើយនោះទេ តែថែមទាំងឆក់យកអាយុជីវិត កូនចៅ ប្តីសី ព្រមទាំងសមាជិកគ្រួសារមួយចំនួនទៀត ដែលធ្វើឲ្យជនរងគ្រោះមានក្តីរន្ធត់ និងសង្វែងយ៉ាងខ្លាំង ។  ដូច្នេះប្រជាពលរដ្ឋគ្រប់រូប មានកាតព្វកិច្ច ត្រូវចូលរួមក្នុងការបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីធានាកាត់បន្ថយការឆេះខូចខាតទ្រព្យសម្បត្តិ អាយុជីវិត និងសត្វ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ