អាជ្ញាធរខេត្តស្វាយរៀង ប្រារព្ធពិធីទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ
February 22, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មានប្រារព្ធពិធីទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ក្រោមអធិបតីភាព លោក សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពីលោកប្រធានសាលាដំបូងខេត្ត លោកតំណាងលោកព្រះរាជអជ្ញាអមសាលាដំបូងខេត្ត  លោកឧត្តមសេនីយ៍ត្រី ភោគ សុខុន ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រីប្រធានមន្ទីរ និងអង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោកមេបញ្ជាការរងកងរាជអាវុធហត្ថទទួលការងារអគ្គិភ័យ លោកអនុប្រធានពន្ធនាគារ លោកអនុប្រធានសេនាធិការ លោកអនុប្រធានការិយាល័យកណ្តាល លោក លោកស្រី នាយការិយាល័យ លោកអធិការនគរបាលក្រុង ស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក លោកប្រធានអង្គភាពទេសចរណ៍ លោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០ប៉ុស្តិ៍ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន លោក លោកស្រី ប្រធាន/តំណាងក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៣១៩នាក់។

       នៅក្នុងឱកាសនោះ ជាមួយនិងការសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អាជ្ញាធរក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ នាពេលកន្លងមកបានខិតខំចូលរួមសហការអនុវត្តនូវវិធានការបង្ការ និងអន្តរាគមន៍សង្គ្រោះករណីអគ្គិភ័យនៅក្នុងខេត្ត ឲ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងនាមឯកឧត្ដមអភិបាលខេត្ត អភិបាលរងខេត្ត បានអំពាវនាវដល់គ្រប់គ្រឹះស្ថានទាំងរដ្ឋ និងឯកជន អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការសហការចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ ធ្វើយ៉ាងណាកុំឲ្យមានករណីគ្រោះអគ្គិភ័យកើតឡើង ហើយជាពិសេស នារដូវក្ដៅខាងមុខនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុទាំងឡាយដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិភ័យ ដូចជាភ្លើងចង្រ្កាន ភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងដុតសំរាម ភ្លើងកម្ទេចបារី ចរន្តអគ្គិសនី ផ្ទាំងសូឡា ហ្គាស ឧស័្មន និងរាល់វត្ថុផ្សេងៗទៀត ដែលងាយឆេះ និងងាយផ្ទុះឆេះ ជាដើម។

       សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨កន្លងមក នៅទូទាំងខេត្ត មានករណីអគ្គិភ័យកើតឡើងចំនួន ២៨លើក បណ្ដាលឲ្យមនុស្សរងរបួស ចំនួន ១១នាក់ ឆេះផ្ទះចំនួន ១០ខ្នង  ចម្ការអំពៅ ៩១៣,៥ហិកតា ព្រមទាំងខូចខាតសម្ភារ និងទ្រព្យសម្បត្តិមួយចំនួនទៀត៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ