អភិបាលខេត្តកណ្ដាល អញ្ជើញប្រកាសតែងតាំងអភិបាល អភិបាលរងស្រុកលើកដែក
February 22, 2019 អ្នកទស្សនា :

       ពិធីប្រកាសនិងតែងតាំងអភិបាល អភិបាលរងស្រុកលើកដែកនេះ ត្រូវបានប្រារព្ធធ្វើ នៅសាលាស្រុកលើកដែក ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

       ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ នាថៃ្ងទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ បានថ្លែងការសរសើរចំពោះលទ្ធផលការងារដែលមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងស្រុកសម្រេចបានធ្វើឲ្យស្រុកមានការរីកចំរើន ធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ឯកឧត្តម បានបន្តថា ការចូលនិវត្តន៍របស់មន្រ្តីរាជការគឺ ជាការអនុវត្តតាមច្បាប់របស់រាជរដ្ឋាភិបាលដែលបានកំណត់ ហើយក៏ជាការចាំបាច់ដែលត្រូវតែមានមន្ត្រីថ្មីមកជំនួសដើម្បីដឹកនាំបន្ត  ដែលនេះជាក្រឹត្យក្រមមិនអាចរំលងបាន។

      ឯកឧត្តមអភិបាលខេត្ត  បានរំលឹកដល់មន្ត្រីដែលទើបប្រកាសចូលកាន់តំណែងត្រូវអនុវត្តតាមភារកិច្ចដែលបានប្រគល់ជូន ត្រូវគោរពតាមច្បាប់លិខិតបទដ្ឋាននានា រក្សាសាមគ្គីផ្ទៃក្នុងឲ្យបានល្អ ត្រូវមានវិធីសាស្ត្រដឹកនាំដោយផ្សារភ្ជាប់ទៅនឹងសភាពការណ៍ ភូមិសាស្រ្តនៃមូលដ្ឋានរបស់ខ្លួន ចេះទំនាក់ទំនងជាមួយសប្បុរសជនក្នុង និងក្រៅ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានពង្រឹងការទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ពិសេសបទល្មើសនេសាទ។ ឯកឧត្តមបានស្នើឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ពង្រឹងរបៀបរបប ធ្វើការដោយសហការគ្នាគ្រប់ផ្នែក ដើម្បីភាពរីកចំរើននិងអភិវឌ្ឍន៍របស់ស្រុកលើកដែក និងដើម្បីឆ្លើយតបដល់ប្រជាពលរដ្ឋ ដែលតែងតែមានទំនុកចិត្តមកលើការដឹកនាំរបស់រដ្ឋបាលស្រុកនិងខេត្ត។

      លោក នៅ សំណាង អភិបាលស្រុកដែលត្រូវចូលនិវត្តន៍បានធ្វើរបាយការណ៍ស្វាគមន៍ដោយបញ្ជាក់ពីសកម្មភាព និងលទ្ធផលដែលសម្រេចបានកន្លងមក ពិសេសលទ្ធផលដែលបានកើតឡើងក្រោមការដឹកនាំរបស់រដ្ឋបាលស្រុក ដែលមានលោកជាអ្នកគ្រប់គ្រងការងារបានរីកចម្រើន។

      សូមបញ្ជាក់ថា លោក ចាប ច័ន្ទវិទ្យា ត្រូវបានប្រកាសតែងតាំងជាអភិបាលស្រុកលើកដែក យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ៩៤ អនក្រតត ជំនួសលោក នៅ សំណាង ដែលត្រូវចូលនិវត្តន៍ និងបានប្រកាស លោក វ៉ាត រទ្ធិ និងលោក ខឹម ច័ន្ទមរមី ជាអភិបាលរងស្រុក តាមប្រកាសរបស់ក្រសួងមហាផ្ទៃលេខ ៤៦២ ប្រក៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ