អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅសកម្មភាពឆ្នាំ២០១៩ នៃការអនុវត្តការងាររបស់ច្រកចេញចូលតែមួយ និងការសម្របសម្រួលដោះស្រាយបណ្តឹងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
February 22, 2019 អ្នកទស្សនា :

       ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងអង្គសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅសកម្មភាពឆ្នាំ២០១៩ នៃការអនុវត្តការងាររបស់ច្រកចេញចូលតែមួយ និងការសម្របសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងក្រសួងពាក់ព័ន្ធ អភិបាល ក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយករដ្ឋបាល ប្រធានអង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធានការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។

      មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ខេត្តកំពង់ចាម បច្ចុប្បន្ន បាននឹងកំពុងអនុវត្តការផ្តល់សេវាសាធារណៈតាមរយៈច្រកចេញចូលតែមួយ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយខេត្ត ក្រុងកំពង់ចាម និងស្រុកជើងព្រៃ ១.ការិយាល័យច្រកចេញចូលតែមួយនៅក្រុងកំពង់ចាម បានចាប់ផ្ដើមដំណើរការ ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ។ នៅក្នុងឆ្នាំ២០១៨ កន្លងមកក្រុងកំពង់ចាម បានទទួលសេវាសរុបចំនួន ១៨ ១៨៦ សេវា ទទួលបានប្រាក់ចំណូលចំនួន ១៦៧ ៥២៦ ០០០ រៀល ។ ២. នៅស្រុកជើងព្រៃ បានដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ ពី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ។ ហើយនៅក្នុងឆ្នាំ២០១៨ កន្លងទៅស្រុកជើងព្រៃ បានទទួលសេវាចំនួន ៥ ៩៦៧ សេវា ទទួលបាន ប្រាក់ចំណូលចំនួន ៤៣ ៣២១ ០០០ រៀល ។ ស្របតាមគោលការណ៍ និង លិខិតណែនាំផ្សេងៗអំពីនីតិវិធីនៃការ ផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ ខេត្តកំពង់ចាម បានដាក់ឲ្យដំណើរការជាបណ្ដោះអាសន្ននៅ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ។ នៅក្នុងឆ្នាំ២០១៨ កន្លងទៅអង្គភាព ច្រកចេញចូលតែមួយខេត្ត បានទទួលសេវាសរុបចំនួន ១០ ៩៤៦ សេវា ទទួលបានប្រាក់ចំណូលសរុប ៣២៦ ៧៥២ ៧២២ រៀល។ ក្នុងនោះ រដ្ឋបាលខេត្ត បានប្តេជ្ញាដាក់ឲ្យ ដំណើរការច្រកចេញចូលតែមួយ នៅស្រុកចំនួន ៣បន្ថែមទៀត នៅឆ្នាំ២០១៩នេះ និង ដាក់ឲ្យដំណើរការ ឲ្យបានគ្រប់ ក្រុង ស្រុកទាំង ១០ នៅឆ្នាំ២០២០។ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ចំពោះការទទួល សម្របសម្រួល និង ដោះស្រាយបណ្ដឹង របស់ការិយាល័យប្រជាពលរដ្ឋ ដោយការិយាល័យប្រជាពលរដ្ឋគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីឥរិយាបទ របស់មន្ត្រីផ្ដល់សេវា ភាពត្រឹមត្រូវនៃកម្រៃសេវា និងការទទួលបណ្ដឹងរបស់ប្រជាពលរដ្ឋ ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៨នេះ ការិយាល័យ ប្រជាពលរដ្ឋខេត្ត ក្រុងកំពង់ចាម និង ស្រុកជើងព្រៃ អនុវត្តបាន៖

- ការិយាល័យប្រជាពលរដ្ឋក្រុងកំពង់ចាម បានទទួល និង ដោះស្រាយបណ្ដឹងចំនួន ១៥ បណ្ដឹង។

- ការិយាល័យប្រជាពលរដ្ឋស្រុកជើងព្រៃ បានទទួល និង ដោះស្រាយបណ្ដឹងចំនួន ១៦ បណ្ដឹង។

- ដោយឡែកការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម មិនទាន់បានទទួល និង ដោះស្រាយបណ្ដឹងនៅឡើយទេ។

        បន្ថែមពីនោះទៀត ឯកឧត្តម ងី ចន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញដល់មន្ត្រីច្រកចេញចូលតែមួយ ត្រូវផ្តល់សេវាសាធារណ: និងការដោះស្រាយរាល់បណ្តឹង របស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងដើម្បីរួមចំណែក ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការបង្ខិតសេវាឲ្យកៀកជិតនឹងប្រជាពលរដ្ឋ ជាក់ស្ដែងដូចជារដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញឲ្យអនុវត្តនូវចលនាប្រឡងប្រណាំង ឃុំ សង្កាត់ បម្រើសេវាល្អទូទាំងខេត្តកំពង់ចាម ក្នុងគោលបំណងផ្តល់សេវាសាធារណៈ ឲ្យមានប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព ផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ដល់ខ្នងផ្ទះដើម្បីឆ្លើយតបនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕អែមមី

ប្រភពៈ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ