អភិបាលខេត្តកោះកុង ចុះជួយស្រ្តីសម្រាលកូនទីទ័លក្រ ទារក និងកុមារ ដែលកំពុងរងគ្រោះ
February 21, 2019 អ្នកទស្សនា :

      ថ្ងៃព្រហស្បតិ៍ ២ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខា សមាជិកគណៈកម្មាធិការសាខា មន្រ្តីសាខា ប្រធានគណៈកម្មាធិការអនុសាខា អ្នកស្ម័គ្រចិត្ត សហការជាមួយមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ក្រុមគ្រូពេទ្យឆ្មប កិច្ចការនារីស្រុក បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និងចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ស្រ្តីសម្រាលកូនទីទ័លក្រ ទារក និងកុមារ ចំនួន ២០ នាក់។

      ក្នុងឱកាសនោះដែរ លោកជំទាវប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ឯកឧត្តមប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសស្រ្តី និងកុមារ ដោយមិនប្រកាន់រើសអើងវណ្ណៈ ពូជសាសន៍ ព័រណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

       លោកជំទាវប្រធាន ក៏បានពាំនាំនូវអនុសាសន៍សំខាន់ៗ របស់សម្តេចប្រធានជូនដល់បងប្អូនទាំងអស់ដូចតទៅ ៖

១-សូមឲ្យស្ត្រីមានគភ៌ទាំងអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឆ្មបជំនាញ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ តាមកាលកំណត់ទទួលយកសេវា បង្ការ ព្យាបាល ទាំងអស់អោយបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យជំនាញ និងស្ម័គ្រចិត្តតេស្តឈាម ដើម្បីពិនិត្យស្ថានភាពរកមេរោគអេដស៍ និងមេរោគស្វាយ ដើម្បីលុបបំបាត់ពិការភាព និងការចម្លងជម្ងឺទាំងពីរនេះ ពីម្តាយទៅកូន  ។

២-សូមឲ្យស្រ្តីទាំអស់ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យឆ្មបជំនាញ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។

៣-សូមអញ្ជើញទៅពិនិត្យសុខភាព ក្រោយសម្រាលទាំងមាតា និងទារក និងទទួលថ្នាំបង្ការជម្ងឺ១១មុខ តាមការកំណត់ របស់គ្រូពេទ្យ ។

៤-សូមបំបៅទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកប្រសូតភ្លាម រហូតដល់ទរាកអាយុបាន ៦ ខែនិងផ្តល់អាហារគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅកូនដោយទឹកដោះម្តាយ រហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ។

៥-សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ ណាមួយនៃជម្ងឺរលាកផ្លូវដង្ហើម ជម្ងឺរាក និងជម្ងឺឆ្លងដ៏ទៃទៀត និងយកទារក ឬកុមារដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលយកការព្យាបាលនៅមន្ទីរពេទ្យ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ