អាជ្ញាធរ​ខេត្ត​ក្រចេះ​ ជម្រុញ​ឲ្យ​សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ​ សង្កាត់ ត្រូវយកចិត្តទុកដាក់ផ្ដល់សេវាជូនដល់ពលរដ្ឋ ឲ្យប្រកបដោយប្រសិទ្ធភាព និងតម្លាភាព
February 11, 2019 អ្នកទស្សនា :

      ថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក​ ហឿ ស៊ីយ៉ែម អភិបាលរង​ខេត្ត​ក្រចេះ​ បាន​ជម្រុញ​ដល់​​លោក លោកស្រី ជាក្រុមប្រឹក្សាក្រុង ស្រុក និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ត្រូវខិតខំអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការបង្កើនប្រសិទ្ធភាពបម្រើសេវាជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន​ ដើម្បីឆ្លើយតបទៅតាមតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន និងត្រូវចូលរួមឲ្យបានរាល់គ្រប់សកម្មភាពរបស់​សមាគម​ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្ត ដែលត្រូវបានអនុម័តផែនការសកម្មភាពអនុវត្តនៅក្នុងឆ្នាំនេះ។ ការជម្រុញនេះ ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តឆ្នាំ២០១៩​ នៅ​សាល​មហោស្រព​ខេត្តក្រចេះ​។

      អភិបាលរងខេត្ត បានមានប្រសាសន៍ថា ចំពោះការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាក្រុមប្រឹក្សាសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ​ សង្កាត់ខេត្តក្រចេះ​ ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ចាប់តាំងពីការបង្កើត និងពង្រីកសមាគមនៅក្នុងឆ្នាំ២០១៣ រហូតមកដល់ថ្ងៃនេះ ដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ក្នុងការប្រមូលផ្ដុំសម្លេងគ្នា​ ដើម្បីជជែកជាមួយរាជរដ្ឋាភិបាល នៅក្នុងការតាក់តែងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុទ្ធនានា ស្របតាមកំណែទម្រង់វិមជ្ឍការ​  និងវិសហមជ្ឈការ។ និងការ​ថ្លែង​អំណរគុណ​​ចំពោះ​សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីកម្លាំងកាយ កម្លាំងចិត្តទទួលខុសត្រូវ គ្រប់គ្រងតាមដាន​​ និងការស្វែងរកដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដើម្បីជួយឧបត្ថម្ភថវិកាបន្ថែម និងការផ្ដល់វគ្គបណ្ដុះបណ្ដាល សមត្ថភាពជូនដល់សមាគមក្រុមប្រឹក្សាក្រុង​ ស្រុក ឃុំ សង្កាត់ ទាំងអស់នៅទូទាំងរាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

      បន្ថែមជាងនេះទៀត លោក គាង អ៊ាង ប្រធាន​សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តក្រចេះ​ បាន​បញ្ជាក់ថា ៖ ​សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ​ សង្កាត់ខេត្តក្រចេះ បានដើរតួនាទីជាអង្គភាពតំណាងឲ្យថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ តាមដាន និងជំរុញដល់រដ្ឋបាលក្រុង​ ស្រុក ឃុំ​ សង្កាត់ សម្រេចបាននូវគោលបំណងនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាគោលការណ៍យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការធ្វើប្រតិភូកម្មមុខងារ និងធនធានមកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិធ្វើការសម្រេច និងចាត់ចែង អនុវត្តមុខងារ តួនាទី និងការបង្កើននូវប្រសិទ្ធភាព នៃការធ្វើសេចក្ដីសម្រេចចិត្ត នៅក្នុងការគ្រប់គ្រងកិច្ចការនៅថ្នាក់មូលដ្ឋាន។​ ហើយកិច្ច​ប្រជុំ​នាថ្ងៃ​នេះ គឺ​ឆ្លុះបញ្ចាំងអំពីសកម្មភាពអនុវត្តការងារ និងការផ្សព្វផ្សាយខ្លួនបន្ថែមទៀត របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តក្រចេះ ជូនទៅដល់សមាជិកសមាជិការ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ​ សង្កាត់ក៏ដូចជាថ្នាក់ដឹកនាំអាជ្ញាធរនៅក្នុងខេត្តក្រចេះ អំពីការលើកផែនការសកម្មភាព និងទិសដៅជាអាទិភាពរបស់សមាគម ដែលនឹងធ្វើឲ្យប្រសើរឡើងនូវការលើកកម្ពស់ជីវភាព ការអភិវឌ្ឍន៍សមត្ថភាព ការបង្កើនប្រសិទ្ធភាពការងារ ការតស៊ូមតិ និងការប្រមូលនូវរាល់បញ្ហាប្រឈមរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ​ សង្កាត់ក្នុងខេត្តក្រចេះ ជាពិសេសបញ្ហាដែលពាក់ព័ន្ធទៅនឹងការអនុវត្តទៅលើការប្រើប្រាស់នូវកញ្ចប់ថវិកាមូលនិធិឃុំ​ សង្កាត់ របស់ឃុំ សង្កាត់ទាំង៤៧ ក្នុងខេត្តក្រចេះ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ