logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ខេត្តពោធិ៍សាត់៖ ទំនាស់ដីធ្លីប្រជាពលរដ្ឋនៅស្រុកតាលោសែនជ័យ និងស្រុកបាកាន ត្រូវបានបញ្ចប់
94
10-February-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នៅសាលាឃុំតាលោ ស្ថិតក្នុងស្រុកតាលោសែនជ័យ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្រកាសនៅមុខប្រជាពលរដ្ឋ និងភាគីទំនាស់ទាំងអស់កាលពីថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ឋិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ថា ឯកឧត្តមនឹងទុកតួនាទីជាអភិបាលខេត្តនៅដោយឡែក ដើម្បីចូលរួមសម្របសម្រួលដោះស្រាយ បញ្ចប់បញ្ហាទំនាស់ដីធ្លី ក្នុងនាមជាមេគ្រួសារប្រជាពលរដ្ឋក្នុងស្រុកតាលោសែនជ័យ និងស្រុកបាកាន ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត។

     ឯកឧត្តមបានបញ្ជាក់ដូច្នេះថា «ការយល់យោគ អធ្យាស្រ័យ និងសន្តោសប្រណីគ្នាទៅវិញទៅមក ជាលក្ខណៈគ្រួសារ គឺមានតាំងតែពីដូនតាយើងមកម៉្លេះ ដូច្នេះត្រូវចងចាំថា បើគ្រួសារបែកបាក់ គឺហាក់បីដូចជាហែកបង្វេចឲ្យចោរយ៉ាងអញ្ចឹង»។  ឯកឧត្តមបានបន្ថែមថា «អ្នកយកដីគេត្រូវឲ្យគេ អ្នកជំពាក់លុយគេ ត្រូវសងគេ បើទោះបីជាមានការលើសលោះយ៉ាងណាក្តី យើងត្រូវតែយោគយល់អធ្យាស្រ័យគ្នា និងមានគំនិតចូលរួមបញ្ចប់រឿងទាំងអស់គ្មា លុយយើងអាចរកបានទេ សំខាន់បំផុតគឺភាពយុត្តិធម៌»។

     នៅក្នុងឱកាសនោះ ឯកឧត្តមបាន ឲ្យដឹងផងដែរថា នៅពេលខាងមុខ យើងនឹងមានស្រុកថ្មីមួយមានឈ្មោះថា «ស្រុកតាលោសែនជ័យ» ហើយស្រុកថ្មីនេះ គឺជាស្រុកគំរូដែលលេចធ្លោទូទាំងខេត្ត មានរចនាសម្ព័ន្ធរូបវ័ន្ត ដែលសាងសង់ឡើងឲ្យមើលពីលើឃើញថា ក្នុងសម័យតេជោសែន ដោយមានអគាររដ្ឋបាល មានការិយាល័យនានាជុំវិញស្រុក មានពហុកីឡាដ្ឋាន មានកន្លែងច្រតព្រះនង្គ័ល មានកន្លែងប្រណាំងគោក្របី មានប្រព័ន្ធធារាស្ត្រ មានកន្លែងអុំទូកថ្នាក់ខេត្ត ហើយអ្វីៗគ្រប់យ៉ាងទាំងអស់នេះ គឺយើងធ្វើឡើងដើម្បីជាសុខទុក្ខពុកម៉ែប្រជាពលរដ្ឋរបស់យើង ដូច្នេះត្រូវដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

       សម្រាប់យន្តការ ឈ្នះ-ឈ្មះ នៃការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុតរបស់ឯកឧត្តម ម៉ៅ ធនិន បានធ្វើឲ្យភាគីទាំងសង្ខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានស្រុះស្រួលគ្នា ធ្វើកិច្ចសន្យាបញ្ចប់ទំនាស់ដីធ្លី និងជម្លោះតុងទីន ចាប់ពីពេលនេះតទៅ។

       ប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ទាំងសង្ខាង បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់ឯកឧត្តមអភិបាលខេត្ត ដោយមិនគិតពីការនឿយហត់ បើទោះបីថ្ងៃនេះជាថ្ងៃឈប់សម្រាកយ៉ាងណាក្តី ក្នុងចំណាត់ការដោះស្រាយ ទំនាស់ដីធ្លី ក៏ដូចជាបញ្ហាទំនាស់ផ្សេងៗ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

     សូមបញ្ជាក់ថា ក្នុងកិច្ចដំណោះស្រាយបញ្ចប់ទំនាស់នាឱកាសនោះឯកឧត្តម ម៉ៅ ធនិន ក៏បានចែក ជូនអាហារសម្រន់រួមមានមី និងទឹកសុទ្ធ សម្រាប់ពិសាជួបជុំគ្នាក្នុងស្មារតីស្និទស្នាល ជាលក្ខណៈគ្រួសារ ព្រមទាំងបានប្រគល់ថវិកា និងសារុង ជូនដល់ស្ត្រីដែលសម្រាលកូន នៅមណ្ឌលសុខភាពតាលោ ទៅតាមទម្លាប់ផងដែរ៕មុនីរម្យ

រដ្ឋបាលខេត្តពោធិ៍សាត់

 

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ