អាជ្ញាធរខេត្តបាត់ដំបង និងក្រសួងធនធានទឹកនិងឧតុនិយម ចុះអន្តរាគមន៍បូមទឹកនិងស្តារប្រឡាយដើម្បីនាំទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋប្រមាណ២៨.០០០គ្រួសារ
February 06, 2019 អ្នកទស្សនា :

       ព្រឹកថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យការអន្តរាគមន៍ បូមទឹក និងស្តារប្រឡាយ ដើម្បីនាំទឹកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងឃុំមួយចំនួនរបស់ស្រុកមោងឬស្សី និងស្រុកគាស់ក្រឡ ខេត្តបាតដំបង។ ក្នុងការចុះអន្តរាគមន៍ក៏មានការចូលរួមពី លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលស្រុកមោងឬស្សី អភិបាលស្រុកគាស់ក្រឡ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

      ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានចាត់តាំងក្រុមការងារ ចុះអន្តរាគមន៍ បង្វែរទឹកមកកាន់ស្រុកមោងឬស្សី និងស្រុកគាស់ក្រឡ។ ឯកឧត្តមអភិបាលខេត្តបន្តថា ប្រសិនបើគ្មានកិច្ចអន្តរាគមន៍នេះទេ នោះប្រជាពលរដ្ឋនៅក្នុងស្រុកមោងឬស្សីប្រមាណ១៥.០០០គ្រួសារ និងស្រុកគាស់ក្រឡប្រមាណ១៣.០០០គ្រួសារ នឹងមិនមានទឹកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ទេ ព្រោះប្រភពទឹកនានានៅក្នុងស្រុកមោងឬស្សី និងស្រុកគាស់ក្រឡបានរីងស្ងួតអស់ទៅហើយ។

       ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារអន្តរាគមន៍ ក្នុងការនាំទឹកនេះ បានសំណូមពរចំពោះឯកឧត្តមអភិបាលខេត្ត សូមជួយតាមដាន និងការពារទំនប់បង្វែរទឹកដែលក្រុមការងារបានរៀបចំកន្លងមក កុំឲ្យមានការបំផ្លាញ និងបង្វែរទឹកទៅកន្លែងផ្សេង និងប្រើប្រាស់ក្នុងគោលដៅផ្សេង ព្រោះថាទឹកដែលក្រុមការងារបញ្ជូនមកពេលនេះ គឺសម្រាប់តែប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកមោងឬស្សី និងស្រុកគាស់ក្រឡ ប៉ុណ្ណោះ។

      សូមជម្រាបថា ទឹកដែលបញ្ជូនមកពីស្រុករតនមណ្ឌល បានចូលមកដល់ទីប្រជុំជនស្រុកមោងឬស្សី ខេត្តបាត់ដំបងហើយ នៅព្រឹកថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ហើយការបញ្ជូនទឹកនេះ មានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ដោយប្រើម៉ាស៊ីនបូបទឹករបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដោយឯកឧត្តមអភិបាលខេត្ត បានជួយផ្តល់ប្រេងម៉ាស៊ូតចំនួន ៥០០លីត្រ បន្ថែមទៀតដល់រដ្ឋបាលស្រុកគាស់ក្រឡ សម្រាប់បូមទឹកបន្តទៀត៕មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ