ប្រជាពលរដ្ឋក្រីក្រ ៧២៩គ្រួសារ នៅខេត្តកំពង់ធំ ទទួលបានដីសម្បទានសង្គមកិច្ចពីគម្រោងរាជរដ្ឋាភិបាលកម្ពុជា
January 31, 2019 អ្នកទស្សនា :

       ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ការចាប់ឆ្នោតនាពេលនេះ គឺជាការបង្ហាញពីតម្លាភាពក្នុងការទទួលបានដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្ម ជូនសម្បទានិកចំនួន ៧២៩គ្រួសារ ដែលជាប្រជាពលរដ្ឋក្រីក្រគ្មានដី ឬមានដីតិចតួចមកពីភូមិទាំង៨របស់ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

       ឯកឧត្តមថ្លែងយ៉ាងដូច្នេះ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩  ក្នុងពិធីរៀបចំចាប់ឆ្នោតជ្រើសរើសឡូតិ៍ដីសម្បទានសង្គមកិច្ច របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន ២ (LASED II) ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រដោយធនគារពិភពលោក ADB  ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត ដោក ដូម៉ា នាយកគម្រោង LASED II ថ្នាក់ជាតិ និងសហការី នៅក្នុងបរិវេណវត្តជ័យរតនៈរង្សី (ហៅវត្តក្របៅ) ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

       ឯកឧត្តមបន្ថែមទៀតថា បន្ទាប់ពីការចាប់ឆ្នោតនេះ សម្បទានិកនឹងចាប់ផ្តើមចូលតាំងទីលំនៅ លើដីសម្បទានសង្គមកិច្ចនេះ ហើយតាមផែនការគម្រោង នឹងផ្តល់ជូនប្រជាពលរដ្ឋនៅពេលចូលតាំងទីលំនៅដំបូង នូវសម្ភារសម្រាប់សាងសង់លំនៅឋានដូចជា ស័ង្កសីចំនួន ៤០សន្លឹក អំពូលពន្លឺព្រះអាទិត្យ តង់ផ្លាស្ទិក កន្ទេល ភួយ ធុងទឹក ធុងចម្រោះទឹក ចប កាំបិត ពូថៅ អង្ករចំនួន ២០០គីឡូក្រាម គ្រាប់ពូជបន្លែចំនួន ០៦មុខ ដើមឈើហូបផ្លែចំនួន ០៥មុខ ក្នុងមួយគ្រួសារ ព្រមទាំងគ្រាប់ពូជផ្សេងៗ កូនស្វាយចន្ធី និងភ្ជួរដីកសិកម្ម។ ទន្ទឹមនឹងនេះ គម្រោងក៏នឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ សាលារៀន ប៉ុសិ៍្តសុខភាព អគារសហគមន៍ ផ្សារសហគមន៍ អគារស្នាក់នៅសម្រាប់គ្រូបង្រៀន អណ្តូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រព ។ល។ និងផ្តល់នូវបច្ចេកទេសធ្វើកសិកម្ម ចិញ្ចឹមសត្វ កែច្នៃផលិតផលកសិកម្ម។ លើសពីនេះ គម្រោងនឹងផ្តល់នូវទុនបង្វិលប្រមាណជា ២៨០$ ក្នុងមួយគ្រួសារ ដើម្បីពង្រីកមុខរបរដាំដុះ និងចិញ្ចឹមសត្វ ហើយជារួមរាជរដ្ឋាភិបាលគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណជា ៤លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍជូនបងប្អូនប្រជាពលរដ្ឋនៅលើដីសម្បទានសង្គមកិច្ចនេះ។

      ចំពោះការចាប់ឆ្នោតនាពេលនេះ ប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបានដីឡូតិ៍លំនៅឋានទំហំ ៣០ x ៤០ម៉ែត្រ និងដីឡូតិ៍កសិកម្មទំហំ ២ហិកតាស្មើៗគ្នា៕មុនីរម្យ

ប្រភព៖រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ