អភិបាលខេត្ត​ក្រចេះ​ រៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេច នៃលទ្ធផលមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤​
January 21, 2019 អ្នកទស្សនា :

       ឯកឧត្ដម​ វ៉ា​ ថន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ​​ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បានអញ្ជើញជាអធិបតីក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយលទ្ធផលមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី៤​ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និង​បូក​សរុប​លទ្ធផល​ការងារ​ របស់​គណៈកម្មាធិការ​(សសយក​)ខេត្ត​ក្រចេះ​ឆ្នាំ​២០១៨​ និង​លើក​ទិសដៅ​ការ​ងារ​ឆ្នាំ​២០១៩ នាព្រឹកអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។

      យុវជនទាំងអស់ត្រូវស្វែងយល់ និងយល់ដឹងឲ្យបានជ្រួតជ្រាបអំពីសេចក្តីសម្រេចចិត្តនៃលទ្ធផលមហាសន្និបាត ប្រធានបទសំខាន់ៗនៃកិច្ចពិភាក្សា ផែនការយុទ្ធសាស្ត្រដែលគ្រប់យន្តការចំណុះត្រូវបន្តខិតខំអនុវត្តសម្រេចឲ្យបាន រាប់ទាំងអនុសាសន៍ មេរៀនដកពិសោធ និងចក្ខុវិស័យនៃការដឹកនាំជាតិ មាតុភូមិ ប្រជាជន យុវជន និងមហាជនរបស់ថ្នាក់ដឹកនាំ សម្រាប់ជាមូលដ្ឋានក្នុងការពង្រឹងពង្រីកសកម្មភាពការងារនៅតាមមូលដ្ឋានរបស់ខ្លួន លើកកម្ពស់ការយល់ដឹង ការអភិវឌ្ឍខ្លួនឯង និងការកសាងសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងចូលរួមចំណែកនៅក្នុងការកសាងមូលដ្ឋានទាំងក្នុងក្របខណ្ឌ សេដ្ឋកិច្ច សង្គម វប្បធម៌ នវានុវត្តន៍ និងការលើកកម្ពស់កិត្យានុភាពជាតិក្នុងសម័យឧស្សាហូបនីយម្ម ឌីជីថលភាវូបនីយកម្ម សំដៅរួមគ្នាធ្វើឲ្យអនាគតកម្ពុជាកាន់តែប្រសើរឡើង។ 

       ឯកឧត្ដម​ បាន​បន្ថែមទៀត​ថាចំពោះយុវជន យុវនារីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះទាំងអស់ ដែលនាពេលកន្លងមកនេះ បានចូលរួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរដែនដី និងអង្គភាពនានា ក្នុងបេសកកម្មសង្គមជួយដោះស្រាយ និងបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ និងយុវជន យុវនារី តួយ៉ាង ការបរិច្ចាគឈាម ការសហការចុះជួយពិនិត្យសុខភាពប្រជាពលរដ្ឋឥតគិតថ្លៃ ការចុះសួរសុខទុក្ខ និងការជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលគ្រោះថ្នាក់​ និងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ព្រមទាំងការរៀបចំការប្រកួតកីឡា ការចូលរួម​​រៀបចំ​បោះ​ជំរុំ​ ក្នុង​ព្រឹត្តិការណ៍​៤០​ទៅ​កាន់​ប្រវត្តិសាស្ត្រ​ ក្រោម​វត្តមាន​ឯកឧត្ដម​ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ កាល​ពី​ដើម​ឆ្នាំ​នេះជាដើម។

        ឯកឧត្ដម​ វ៉ា​ ថន​ បាន​បន្ត​ថា​ទាំង​អស់​នេះ​ មិនត្រឹមតែជាការរួមចំណែកដោះស្រាយបញ្ហាប្រឈមនានានៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសម្រាប់យុវជន យុវនារី ក្នុងការអភិវឌ្ឍសមត្ថភាព ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ និងស័ក្តិសមជាទំពាំងស្នងឫស្សីដ៏ពិតប្រាកដថែមទៀតផង។

      ជាចុង​បញ្ចប់​ ឯកឧត្ដម​ប្រធាន​សសយក​ខេត្ត​ បាន​ផ្ដាំផ្ញើ​ដល់​ សមាជិក​ សមាជិកា​ សសយក​ ទាំងអស់​ ត្រូវ​ខិតខំ​ពង្រឹង​គុណ​តម្លៃ​ ពង្រីក​សមាជិក​ភាព​ និង​​គុណ​ភាព​ជាមួយ​រចនា​សម្ព័ន្ធ​ ខេត្ត​ ក្រុង​ ស្រុក​ ដល់​មូល​ដ្ឋាន​ឃុំ​សង្កាត់​ និង​តាម​បណ្ដោល​វិទ្យាល័យ​នានា​ក្នុង​ខេត្ត​ ដែល​ជា​កត្តា​មូលដ្ឋាន​នៃ​ការ​ពង្រីក​វិសាល​ភាព​ការងារ​ និង​កិត្យានុភាព​របស់​ សសយក​ និង​ត្រូវ​បន្ត​សកម្មភាព​វប្បធម៌​ ប្រពៃណី​ ការ​ស្វែង​យល់​ពី​ប្រវត្តិ​សាស្ត្រ​ ការ​ចូលរួម​ក្នុង​វិស័យ​អប់រំ​ សង្គម​ មនុស្ស​ធម៌​ កីឡា​ សិល្បៈ​កំសាន្ត​ ដែល​អាច​ទាក់ទាញ​យុវជន​គ្រប់​និន្នាការ​ និង​ទំនួលខុសត្រូវ​របស់​យុវជន​​ចំពោះ​ប្រទេស​ជាតិ​ តាម​រយៈ​យុទ្ធនាការ​ធ្វើ​ល្អ​ជាដើម​៕មុនីរម្យ
ប្រភព៖រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ