អភិបាលខេត្តសៀមរាប ពិភាក្សា និងចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការ នៃការហោះហើរត្រង់ពីខេត្តសៀមរាប ទៅក្រុងស៊ីសុងបាណា ប្រទេសចិន
January 17, 2019 អ្នកទស្សនា :

       ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និង លោក ឡ ហុងជាំង អភិបាលក្រុងស៊ីសងបាណា ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានជួបពិភាក្សានិងចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការ នៃការហោះហើរត្រង់ពីខេត្តសៀមរាបទៅក្រុងស៊ីសុងបាណា ។

      លោក ឡ ហុងជាំង អភិបាលក្រុងស៊ីសងបាណា ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍ថាការឲ្យមានជើងហោះហើរដោយត្រង់ពីខេត្តសៀមរាប ទៅកាន់ទីក្រុងស៊ីសងបាណា គឺជាការល្អបំផុតសម្រាប់ការជួយ អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ។ ម៉្យាងទៀតក៏ជាការជម្រុញលើវិស័យទេសចរណ៍ នៃប្រទេសទាំងពីរកាន់តែមានការរីក ចម្រើន ព្រមទាំងធ្វើឲ្យសេដ្ឋកិច្ចប្រជាជនទាំងពីរ កាន់តែមានភាពល្អប្រសើរទ្វេឡើង ។

      លោក ឡ ហុងជាំង បានឲ្យដឹងថា ក្រុង ស៊ីសងប៉ាណា ជាទីក្រុងមួយដែលធំជាងគេនៅប្រទេសចិន ផ្នែកអភិរក្សសត្វព្រៃ ហើយក្រៅពីនេះទីក្រុងស៊ីសងបាណា ក៏ជាទីក្រុង ដ៏ធំផ្នែកកសិកម្ម ជាពិសេសលើដំណាំតែ និង ចេកផងដែរ ។ ផលិតផលតែ និង ចេកនេះ បាននាំឲ្យក្រុងស៊ីសងប៉ាណា ទទួលបានអ្នកទេសចរប្រមាណ៤លាននាក់ក្នុងមួយឆ្នាំៗ ។ ក្រៅពីចង់ឲ្យមានជើងហោះហើរត្រង់រវាងក្រុងស៊ីសងបាណា និង ខេត្ត សៀមរាប លោក ឡ ហុងជាំង ក៏មានបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាប លើផ្នែកកសិកម្ម និងការផ្លាស់ប្តូរ និស្សិតទៅសិក្សាទៅវិញទៅមកផងដែរ។

      ចំណែក ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា ការលើកឡើងរបស់ប្រតិភូ សុំឲ្យមានជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប ក៏ជាការជម្រុញឲ្យមានកំណើនអ្នកទេសចរណ៍ចូលមកទស្សនាប្រទេសកម្ពុជា សំខាន់ខេត្តសៀមរាប និង ក៏ជាការជួយជម្រុញឲ្យជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានការរីកចម្រើនផងដែរ ។ ការឆ្លើយតបនោះដែរ ឯកឧត្តម ទៀ សីហា បានឯកភាពចំពោះការលើកឡើង របស់អភិបាលក្រុងស៊ីសុងបាណា ហើយឯកឧត្តមក៏បានសន្យានឹងខិតខំធ្វើយ៉ាងណា ជម្រុញកិច្ចការនេះឲ្យបានឆាប់រហ័ស ។
         ក្នុងឱកាសនោះដែរភាគីទាំងពីរ ក៏បានធ្វើកិច្ចចុះហត្ថលេខា ទៅលើកំណត់ហេតុនៃកិច្ច ទំនាក់ទំនងសហប្រតិបត្តិការរវាង ក្រុងស៊ីសុងបាណា និង ខេត្ត សៀមរាប ដោយផ្តោតលើការលើកកម្ពស់ការផ្លាស់ប្តូរនិសិ្សត និង យល់ព្រមលើការរៀបចំឲ្យមានការហោះហើរត្រង់ពីក្រុងស៊ីសងបាណា សៀមរាប ព្រមទាំងធ្វើការផ្សព្វផ្សាយ ពីសក្តានុពលទេសចរ ស៊ីសងបាណា សៀមរាប ដោយរៀងរាល់ឆ្នាំនៅក្នុងក្រុងស៊ីសងបាណា និង ខេត្តសៀមរាប នឹងរៀបចំកម្មវិធី ( សប្តាហ៍ សៀមរាប ឬ សប្តាហ៍ស៊ីសងបាណា ) ដោយផ្តោតសំខាន់លើវិស័យទេសចរណ៍ខេត្តសៀមរាប និង ក្រុងស៊ីសងបាណា ។ ក្នុងនោះដែរក៏ជាការ ជម្រុញដល់រដ្ឋបាលខេត្តសៀមរាប និង ក្រុងស៊ីសងបាណា ដើមី្បបន្តសហការរួមគ្នា ដោយស្មើសុំគោលការណ៍ឯកភាពពីថ្នាក់ដឹកនាំ នៃរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការចុះអនុស្សរណៈយោគយល់គ្នា រវាងខេត្ត ក្រុង សម្ព័ន្ធមេត្រីភាពនៃប្រទេសទាំងពីរ សំដៅបង្កើន កិច្ចសហប្រតិបត្តិការនិងគ្នាលើគ្រប់វិស័យទៀតផង។

សូមបញ្ជាក់ថា ការពិភាក្សា និងចុះហត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃពុធ ១១ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែមករាឆ្នាំ ២០១៩៕ អែមមី

ប្រភពៈរដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ