អភិបាលខេត្តត្បូងឃ្មុំ នាំយកថវិកា និងអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ទៅចែកជូនពលរដ្ឋ១០គ្រួសារដែលរងគ្រោះស្លាប់ និងរងរបួស ដោយផ្ទុះគ្រាប់១០៥មីលីម៉ែត្រ ក្នុងស្រុកត្បូងឃ្មុំ
January 15, 2019 អ្នកទស្សនា :

       បន្ទាប់ពីទទួលដំណឹងថាមានករណីប្រជាពលរដ្ឋរងគ្រោះ ដោយផ្ទុះគ្រាប់នៅក្នុងទឹកដីឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ  កាលពីម៉ោងជាង៨ព្រឹកមិញនេះ ភ្លាមៗ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ជាមួយសាខាកាកបាទក្រហមខេត្ត បានចុះពិនិត្យ និងសំណេះសំណាល ព្រមទាំងនាំយកថវិកា និងអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនបងប្អូនខ្មែរឥស្លាមទាំង១០គ្រួសារដែលរងគ្រោះនៅកន្លែងកើតហេតុ ក៏ដូចជាកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

     ស្ថិតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងនៅការសោកស្តាយ និងចូលរួមរំលែកទុក្ខគ្រួសារនៃសព ក៏ដូចជាអ្នករងគ្រោះក្នុងហេតុការណ៍នេះ ដោយឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនរងគ្រោះទាំងអស់ ដែលជានិច្ចជាកាល សម្តេចទាំងទ្វេរបានយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ជំនឿសាសនា ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីនោះឡើយ ។

        ឯកឧត្តម អភិបាលខេត្ត បន្តថា ជាក់ស្តែងបន្ទាប់ពីឯកឧត្តមបណ្ឌិត ទទួលដំណឹងភ្លាមថា មានការផ្ទុះក្បាលគ្រាប់១០៥មីលីម៉ែត្រ ដែលបន្សល់ពីសម័យសង្គ្រាម និងជាកេរ្តិ៍មរតករបស់មហាអំណាចអាមេរិក បានបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរម្នាក់ស្លាប់ និង០៩នាក់ផ្សេងទៀត រងរបួសនោះ ភ្លាមៗឯកឧត្តមបានចាត់ឲ្យមន្រ្តី ចុះពិនិត្យ និងជួយសង្គ្រោះ ព្រមទាំងផ្តល់ថវិកាមួយចំនួនជាបឋម  និងជំនួយជាបន្ទាប់គឺមានតែកាកបាទក្រហមកម្ពុជានេះហើយ បានយកចិត្តទុកដាក់ផ្តល់ទាំងសម្ភារ និងថវិកា បានទាន់ពេលវេលា មិនថាទីណា កន្លែងណា ពេលណា អោយតែជាប្រជាពលរដ្ឋកម្ពុជាត្រូវការ ដោយស្របតាមទិសស្លោក ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា  មានសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប។

        ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បើប្រទះឃើញគ្រាប់បែកផ្សេងៗ សូមររាយការណ៍ និងប្រគល់មកអាជ្ញាធរ និងមន្ត្រីស៊ីម៉ាក់ ដើម្បីជៀសឆ្ងាយពីគ្រោះថ្នាក់នៃគ្រាប់បែកនេះ ជាពិសេសហាមដាច់ខាតយកមកកែច្នៃ ដូចករណីនេះ ដែលបណ្តាលអោយស្លាប់ និងរងរបួសត្រឹមមួយពព្រិចភ្នែក។  អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលចែកជូននាឱកាសនោះរួមមាន ថវិកា២លានរៀល សម្រាប់គ្រួសាររងគ្រោះដល់ស្លាប់ម្នាក់ និង០៩គ្រួសារដែលរងរបួស ក្នុង១គ្រួសារៗ១លានរៀល ដោយក្នុងនោះ ទទួលបានថវិកា២០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ២យួរ ពីសាខាកាកបាទក្រហមខេត្តផងដែរ ៕មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ