រដ្ឋបាលខេត្តស្វាយរៀង ធ្វើពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកចន្ទ្រា
January 10, 2019 អ្នកទស្សនា :

         នាព្រឹកថ្ងៃព្រហស្បតិ៍ ០៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ នាសាលប្រជុំសាលាស្រុកចន្ទ្រា មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង  នៃគណៈអភិបាលស្រុកចន្ទ្រា ក្រោមអធិបតីភាព លោក ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័ននានា ក្នុងខេត្ត ស្រុក មន្ត្រីរាជការ កងកម្លាំងគ្រប់ផ្នែកចូលរួមយ៉ាងច្រើនកុះករផងដែរ ។ 

         ក្នុងឱកាសនោះ អភិបាលរងខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់គណៈអភិបាលស្រុក អង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការទាំងអស់នូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១- ត្រូវរួមគ្នាពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ បែងចែកតួនាទីភារកិច្ចក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។
២- ថែរក្សាការពារ និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ។ 
៣- ចូលរួមសហការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើស លួច ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។
៤- គ្រប់គ្រង និងណែនាំស្មៀនឃុំ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក អនុវត្តឲ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួន។ 
៥- បង្កើនការរៀបចំសណ្ដាប់ធ្នាប់ កែលម្អសោភ័ណភាព អនាម័យបរិស្ថាននៅទីប្រជុំជនស្រុក ឲ្យបានត្រឹមត្រូវ។
៦- ខិតខំបង្រួមទំនាស់ និងពង្រីកការដោះស្រាយនូវរាល់ទំនាស់ផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋានរបស់ស្រុក។
៧- បន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ឲ្យបានល្អស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ 
៨- បន្តទប់ស្កាត់ និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ នូវរាល់សកម្មភាពរំលោភដីចំណីផ្លូវ ចំណីទន្លេ ព្រែក និងទ្រព្យសម្បត្តិសាធារណៈផ្សេងទៀត ទន្ទឹមនេះក្នុងនាមជាមន្ត្រីសាធារណៈ ក៏ត្រូវជៀសវាងឲ្យបាននូវរាល់សកម្មភាព ដែលបង្កឲ្យមានការថ្នាំងថ្នាក់ផ្សេងៗផងដែរ។

        យោងប្រកាសលេខ៨០០៥ ប្រ.ក របស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងលោកស្រី សំ ថាវី ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង៕មុនីរម្យ
ប្រភព៖រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ