រដ្ឋបាលរាជធានីភ្នំពេញ​ បញ្ជាក់សារជាថ្មីថា​ ពុំមានគម្រោងរុះរើផ្សារដើមគនោះទេ
January 04, 2019 អ្នកទស្សនា :

      ​ នាព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំផ្សារបន្លែ​ ផ្លែឈេីបោះដុំ​ និងចំណតរថយន្តនៅតំបន់បឹងតាមោកក៏ដូចជាជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករលក់ដូរនៅផ្សារដើមគទាំងអស់មេត្តាជ្រាបជៀសវាងមានការភន្ត័ច្រឡំ​។ ​

     ក្នុងសន្និសីទសារពត៌មាននេះរដ្ឋបាលរាជធានីភ្នំពេញសូមបញ្ជាក់សារជាថ្មីថា រដ្ឋបាលរាជធានីភ្នំពេញ ពុំមានគម្រោងរុះរើផ្សារដើមគ ឬតម្រូវឱ្យអាជីវករកំពុងលក់ដូរនៅផ្សារដើមគ ធ្វើការផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួន ទៅទីតាំងថ្មីណាមួយឡើយ។ ដោយឡែក គម្រោងសាងសង់ផ្សារនៅបឹងតាមោក គឺដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត ក្នុងន័យបន្ថែមជាទីតាំងផ្សារបោះដុំមួយកន្លែងផ្សេងទៀត ដើម្បីជួយសម្រួលដល់ការប្រកបអាជីវកម្ម ក៏ដូចជាដើម្បីកាត់បន្ថយ និងឈានដល់ការលុបបំបាត់ការរំលោភយកចិញ្ចើមផ្លូវ ទ្រូងផ្លូវសាធារណៈ ដើម្បីធ្វើជាទីតាំងលក់បន្លែផ្លែឈើ ដែលបង្កការកកស្ទះចរាចរណ៍ ប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់ និងអនាម័យតាមដងផ្លូវ។ ​

     សូមបញ្ជាក់ដែរថា​ រដ្ឋបាលរាជធានីភ្នំពេញ​ធ្វេីការបញ្ជាក់សារជាថ្មីនេះ​ គឺដេីម្បីឆ្លេីយតបទៅនឹង ព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា មានគម្រោងរុះរើផ្សារដើមគ ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ដើម្បីធ្វើការវិនិយោគជូនវិស័យឯកជនវិញ និងរើបងប្អូនអាជីវករទៅទីតាំងផ្សារថ្មីនៅបឹងតាមោកវិញ​៕គឹមអា​ន

ប្រភព៖រដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ