អភិបាលខេត្តមណ្ឌលគិរី ជម្រុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងកែលម្អសោភ័ណ្ឌភាពក្រុងសែនមនោរម្យឲ្យបានល្អប្រសើរ
December 24, 2018 អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងក្រុងសែនមនោរម្យ នៅសាលាក្រុងសែនមនោរម្យ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានស្នើឲ្យ អភិបាលរងក្រុងសែនមនោរម្យ រួមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងគ្រប់គ្រងកាកសំណល់ឲ្យបានល្អប្រសើរ ដើម្បីធ្វើយ៉ាងណាឲ្យក្រុងសែនមនោរម្យមួយនេះ មានសោភ័ណ្ឌភាព និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាកំសាន្តកាន់តែច្រើនឡើង។

      ដើម្បីអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាកំសាន្តនៅក្នុងខេត្តមណ្ឌលគីរី ឲ្យមានចំនួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ក៏បានស្នើ និងជម្រុញដល់អភិបាលក្រុង រួមទាំងអាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ទាំងអស់ ត្រូវចូលរួមសហការណ៍គ្នា គិតគូររៀបចំសណ្តាប់ធ្នាប់ ក៏ដូចជាការរក្សាដីចំណីផ្លូវ និងការពង្រីកផ្លូវ ក្នុងក្រុងឲ្យបានធំទូលាយ ជាពិសេស ការគ្រប់គ្រងកាកសំណល់ និងការរៀបចំរមណីយដ្ឋាននានាផងដែរ។

    ឯកឧត្តម អភិបាលខេត្ត បន្ថែមទៀតថា ការប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងនាពេលនេះ គឺដើម្បីចូលរួមអនុវត្តការងារជាមួយកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងការបន្តរួមគ្នាថែរក្សា ការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឲ្យបានល្អប្រសើរ។ ជាងនេះទៅទៀត ឯកឧត្តម ក៏ស្នើដល់អភិបាលរងក្រុង ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទ្វេដង និងត្រូវទប់ស្កាត់បទល្មើសគ្រប់ប្រភេទអោយមានប្រសិទ្ធភាព។

    ទន្ទឹមនឹងនេះផងដែរ លោក ជ្រង ធិល អភិបាលរងក្រុង ដែលទើបតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្តថា ត្រូវខិតខំប្រឹងប្រែងយ៉ាងសកម្មនូវ ឆន្ទះ មនៈសិកា ដើម្បីជាតិមាតុភូមិ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ត្រូវគោរពតាមឋានានុក្រមការងារ ដែលថ្នាក់ដឹកនាំចាត់ចែង ប្រគល់ប្រតិភូកម្ម ផ្ទេរមុខងារ ការងារ ការធ្វើកំណែទម្រង់វិជ្ឈមការ វិសហមជ្ឈមការ តាមគោលការច្បាប់ លិខិតបទដ្ឋានគតិយុទ្ធនានា និងច្បាប់លក្ខន្តិកៈជាមន្រ្តីរាជការ រក្សាសាមគ្គីភាពផ្ទៃក្នុង ត្រូវខិតខំយកចិត្តទុកដាក់សិក្សាស្រាវជ្រាវ រៀនសូត្របន្ថែម ដកស្រង់បទពិសោធន៍ និងខិតខំបំពេញតួនាទី ភារកិច្ច ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕ អែមមី

ប្រភពៈ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ