ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ នៃប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទា្វរព្រំដែនអន្តរជាតិព្រៃវល្លិ៍
December 13, 2018 អ្នកទស្សនា :

     នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទា្វរព្រំដែនអន្តរជាតិព្រៃវល្លិ៍ នៅភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ លោកអភិបាលរងស្រុកកំពង់រោទិ៍ មន្ត្រីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត។

     មានប្រសាសន៍នៅក្នុងឱកាសនោះ លោកអភិបាលរង បានថ្លែងអំណរគុណចំពោះមន្ត្រី កងកម្លាំង និងសមត្ថកិច្ចគ្រប់ថ្នាក់ ដែលប្រចាំការនៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដែលកន្លងមកបានរួមសហការគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ រួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការគាំទ្រដល់ការការពារព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជិតខាងជាមិត្ត។ តាមគោលនយោបាយដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទាំងអស់នេះមិនត្រឹមតែចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋ ពាណិជ្ជករ អាជីវករ ឆ្លងកាត់ចេញចូល ដឹកជញ្ជូនទំនិញ កសិផលផ្សេងៗបានយ៉ាងរលូន ដែលជាផ្នែកមួយដ៏សំខាន់ជួយលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។

     លោកអភិបាលរង ក៏បានផ្ដាំផ្ញើដល់លោកប្រធានទីស្នាក់ការច្រកទ្វារព្រំដែនថ្មី និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរក្សាឲ្យបាននូវការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ត្រូវសម្របសម្រួលការងារដោយការយោគយល់គ្នាក្នុងចំណោមសមត្ថកិច្ចទាំងអស់ អនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវឲ្យស្របទៅនឹងអនុក្រឹត្យលេខ៦៤ អនក្រ.បក របស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យដំណើរការទូទៅនៃច្រកទ្វារព្រំដែនប្រព្រឹត្តដោយរលូន ហើយទន្ទឹមនេះ ក៏ត្រូវបន្តប្រពៃណីសហប្រតិបត្តិការ និងរឹងបន្តឹងចំណងមិត្តភាព ជាមួយសមត្ថកិច្ចព្រំដែននៃប្រទេសជិតខាងឲ្យបានល្អផងដែរ។

     យោងតាមប្រកាសលេខ៧០៣៧ ប្រក ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ត្រូវបានប្រគល់ភារកិច្ចជូន ទី១.លោក ម៉ែន សម្បត្តិ ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ៤ នៃមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងមហាផ្ទៃ ឲ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ទី២. លោក អន ឈន ឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៨ ជាជំនួយការប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍៕ សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ