ខេត្តស្វាយរៀង រៀបចំសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយផែនការថ្នាក់ខេត្តដើម្បីបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)
December 04, 2018 អ្នកទស្សនា :

     លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងប្រធានក្រុមការងារ PTWG-RWSSH ថ្នាក់ខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង កាលពីថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយផែនការថ្នាក់ខេត្តដើម្បីបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកា​ល (ODF) ដោយមានកាអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ លោក លោ​កស្រី អភិបាលក្រុង/ស្រុក ទាំង៨ អង្គការពាក់ព័ន្ធ នៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង ។

     នៅក្នុងឱកាសនោះ តាងនាមឯកឧត្ដមអភិបាលខេត្ត លោក តូច ប៉ូលីវ៉ា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំក្រសួ​ងអភិវឌ្ឍន៍ជនបទ ព្រមទាំងការយកចិត្តទុកដាក់អនុវត្តការងារនៅមូលដ្ឋានផ្ទាល់របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូអភិវឌ្ឍននានា និងវិស័យឯកជនប្រ​កបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយធ្វើឲ្យសម្រេចបានជោគជ័យល្អប្រសើរ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។ ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្រ្តជាតិ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តស្វាយរៀង ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្ដមអភិបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធ កាលពីថ្ងៃទី ១៨-១៩ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ ដែលមានក្រុមការងារ PTWG-RWSSH ជាសេនាធិការ បានរៀបចំសិក្ខាសាលាបង្កើតផែនការសកម្មភាពថ្នាក់ខេត្ត ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទ ជំហានទី២ ឆ្នាំ២០១៩-២០២៣ ជាពិសេសដើម្បីឲ្យផែនការសកម្មភាពថ្នាក់ខេត្ត ជំហានទី២ អនុវត្តកាន់តែប្រសិទ្ធភាព និងទទួលបានជោគជ័យ ម្យ៉ាងទៀតដោយមានការគាំទ្រពីអង្គការ Unicef និងអង្គការ WaterAid កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមការងារ PWG-RWSSH បានរៀបចំសិក្ខាសាលាបង្កើតផែនការសកម្មភាពខេត្ត ដើម្បីសម្រេចបានជាខេត្តបញ្ឃប់ការបន្ទោរបង់ពាសវាល​ពាលកាលក្នុងគោលដៅដ៏សំខាន់គឹឺជំរុញឲ្យខេត្តស្វាយរៀងសម្រេចបាន ODF នៅឆ្នាំ២០២២ ។

     ជាមួយនេះ ដើម្បីសម្រេចបានផែនការជាខេត្តបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល លោកអភិបាលរង ក៏បានសំណូមពរដល់មន្ទីរពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍននានា ជាពិសេស លោកលោកស្រី អភិបាល ក្រុង/ស្រុក ទាំង៨ មេត្តាយល់ដឹងឲ្យបានច្បាស់នូវចំណុចទាំងប្រាំមួយ នៃផែន​ការសកម្មភាពថ្នាក់ខេត្ត ដើម្បីសម្រេចបានជាខេត្តបញ្ឃប់ការបន្ទោរបង់ពាសវាលពាសកាល គឺ ១. ការសម្របសម្រួល ២. ការធ្វើផែនការ ៣. ហិរញ្ញវត្ថុ ៤. ការផ្គត់ផ្គង់សេវា ៥. ការពិនិត្យ និងតាមដាន ៦. ការរៀបចំស្ថាប័ន ក្នុងការទទួលបានជោគជ័យនៃផែនការសកម្មភាពថ្នាក់ខេត្ត ៕សិដ្ឋ

ប្រភព: រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ