អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកកំពង់រោទិ៍ថ្មី
November 29, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃព្រហស្បតិ៍ ០៧រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញ​ជា​អធិបតី​ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក សុច ពិសី ជាអភិបាល នៃគណៈអភិបាល​ស្រុក​កំពង់រោទិ៍ ជំនួសឯកឧត្ដម សុខ រស់ ដែលត្រូវតែងតាំងមុខតំណែងថ្មីជាអភិបាលរងខេត្ត ស្របតាម​អនុក្រឹត្យរបស់រាជរដ្ឋាភិបាល។ ពិធីនេះរៀបចំនៅសាលប្រជុំសាលាស្រុកកំពង់រោទិ៍ ដោយមានវត្ត​មាន​អញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមអភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានទី​ស្នាក់ការ និងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវលិ៍ល កងកម្លាំង និង​សមត្ថកិច្ចឈរជើងនៅតាមព្រំដែន ប្រធានការិយាល័យ មន្ត្រីរាជការចំណុះសាលាស្រុក និងមេឃុំ​ទាំង ១១ ក្នុងស្រុកកំពង់រោទិ៍ ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែង​នូវ​ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុកកំពង់រោទិ៍ និងឯកឧត្ដម សុខ រស់ អតីតអភិបាលស្រុក ដែលនាពេលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញ​តួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រី​រាជការទាំង​អស់ ធ្វើឲ្យស្រុកកំពង់រោទិ៍ សម្រេចបាននូវលទ្ធផលល្អប្រសើរ​ទាំងការផ្ដល់សេវាសាធារណៈ​ជូន​ប្រជា​ពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែក​យ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយឡែក​ចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលធម្មតា ក្នុងការរៀប​ចំមុខតំណែង​មន្ត្រី​រាជការ​​ក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់​រដ្ឋបាលថ្នាក់ក្រោម​ជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំ​ផ្ញើ​នូវ​កិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖ -ត្រូវពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និង​ពង្រឹង​​របៀប​របបធ្វើការងារ -ត្រូវខិតខំថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ​សណ្ដាប់​​​​ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា - ត្រូវរៀបចំធ្វើការបែង​ចែក​តួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់ -ត្រូវយក​ចិត្ត​ទុក​ដាក់គ្រប់គ្រងស្មៀនឃុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ឲ្យអនុវត្តបានត្រឹម​ត្រូវ​តាមតួនាទី ភារកិច្ចរបស់ខ្លួន -ត្រូវពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ -ត្រូវ​បន្ត​​​ជំរុញ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត -ត្រូវខិតខំ​ប្រមូល​ផ្ដុំធនធានដែលមានស្រាប់ និងកៀរគរការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដើម្បីអភិវឌ្ឍន៍​ស្រុកឲ្យមានការរីក​ចម្រើន -ត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋឲ្យបានគ្រប់មូលដ្ឋានក្នុងស្រុក ដើម្បីធ្វើការស្វែងយល់ និងកំណត់ឲ្យបាននូវតម្រូវការ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ -ត្រូវបន្តអប់រំ ណែនាំ និង​ទប់​ស្កាត់ប្រជាពលរដ្ឋមិនឲ្យលក់ ឬជួលដីស្រែចម្ការ ឬដីលំនៅឋាននៅតាមតំបន់ព្រំដែន ឲ្យទៅ​ប្រជា​ពលរដ្ឋនៃប្រទេសជិតខាង -ត្រូវសិក្សាស្វែងយល់ និងស្គាល់នូវភូមិសាស្ត្រ ទីតាំងបង្គោល​ព្រំដែន ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងរបស់ខ្លួនឲ្យបានច្បាស់លាស់ -ត្រូវបន្ត​ជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានាជាមួយ​ស្រុក​ជាប់ព្រំដែន នៃប្រទេសជិតខាង ឲ្យបានល្អប្រសើរ ៕ អែមមី

ប្រភពៈ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ