អាជ្ញាធរខេត្តស្វាយរៀង ប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្ដីពីលទ្ធផលត្រួតពិនិត្យគ្រឿងញៀន របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
November 27, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃអង្គារ ០៥រោច ខែកត្ដឹក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន រយ:ពេល៩ខែ ប្រចាំឆ្នាំ២០១៨ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង និងលោកជំទាវឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាខេត្ត លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ត លោកមេញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកនាយករងរដ្ឋបាលសាលាខេត្ត ប្រតិភូអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក និងលោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត លោកស្នងការរងនគរបាលខេត្ត អធិការនគរបាល មូលដ្ឋានកងរាជអាវុធហត្ថ និងផ្នែកសឹករងក្រុង ស្រុក ប្រធានវរព្រំដែន ប្រធានច្រកទ្វារព្រំដែន និងប្រធានប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានចូលរួមអបអរសាទរចំពោះលទ្ធផលដ៏ត្រចះត្រចង់ ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រេចបានក្នុងបេសកកម្មដឹកនាំកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងរយៈពេល៩ខែកន្លងមកនេះ ទាំងលើការងារអប់រំផ្សព្វផ្សាយ ការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ការបង្ការ បង្រ្កាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន ជាពិសេសក្នុងដំណើរការដឹកនាំអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលលទ្ធផលទាំងនេះ មិនត្រឹមតែបានចូលរួមបង្ការ និងទប់ស្កាត់បញ្ហា រួមទាំងផលប៉ះពាល់ទៅលើសុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ដែលបណ្ដាលមកពីឥទ្ធិពលនៃគ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកដ៏សំខាន់ក្នុងការការពារ និងថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ ស្របតាមបរិបទនៃការរីកចម្រើនរបស់ប្រទេសជាតិ នាពេលបច្ចុប្បន្ន។ជាចុងក្រោយ ឯកឧត្ដមអភិបាលខេត្ត បានផ្ដាំផ្ញើដល់គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ៖ ត្រូវបន្តជំរុញការផ្សព្វផ្សាយអប់រំ ឲ្យបានកាន់តែសកម្ម និងផុលផុសថែមទៀត, ត្រូវបង្កើន ពង្រឹង និងយកចិត្តទុកដាក់ជំរុញការអនុវត្តវិធានការរដ្ឋបាល នៅតាមគោលដៅដែលងាយ ឬកើតមានបទល្មើសគ្រឿងញៀន និងតំបន់ដែលមានលក្ខណៈស្មុគស្មាញ, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបង្កើនការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងត្រូវយកចិត្តទុកដាក់ធ្វើការអប់រំណែនាំ និងគ្រប់គ្រងកម្លាំងក្រោមឱវាទរបស់ខ្លួនឲ្យបានតឹងរ៉ឹងកុំឲ្យមានការជាប់ពាក់ព័ន្ធ ឬនៅពីក្រោយសកម្មភាពនៃបទល្មើសគ្រឿងញៀន, ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រង និងក្ដាប់ឲ្យបានច្បាស់លាស់នូវមុខសញ្ញាលក់ និងចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះអាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងត្រូវពង្រឹងយន្តការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែននានាក្នុងខេត្តឲ្យបានតឹងរ៉ឹងបំផុត៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ