រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០១៨
November 26, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃចន្ទ ០៤រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបល​ទ្ធផល​ការងារ​ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព​ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ដោយមានការអញ្ជើញ​ចូលរួម​ពីលោកអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន​សាលា​ដំបូងខេត្ត សាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង ស្នងការរងនគរបាលខេត្ត មេបញ្ជាការ​រងតំបន់ប្រតិបត្តិសឹករងស្វាយរៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធ​មួយចំនួន។

     មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរ​ចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមការងារយុវជន និងកងកម្លាំងប្រដាប់​អាវុធក្នុង​ខេត្ត​ស្វាយរៀងទាំងអស់ ដែលនៅក្នុងខែវិច្ឆិកា កន្លងមកនេះ បានសហការអនុវត្ត​តួនាទីភារកិច្ចរបស់​ខ្លួន រួមចំណែកធ្វើឲ្យខេត្ត រក្សាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសនៅក្នុង​ការការពារ​សន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ ។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធ​ទាំងអស់ ឲ្យយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖ ១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបាន​ល្អប្រសើរ ។ ២.អាជ្ញាធរក្រុង ស្រុក ត្រូវអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុង​ប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះជាដើម និងចុះអន្តរាគមន៍ជួយ​សង្គ្រោះ​ឲ្យបានទាន់ពេលវេលា ។ ៣.មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរ​ក្រុង​ស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបាន​ត្រឹមត្រូវ និងគ្រប់តាមផែនការ ជាពិសេសចូលរួមផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋឲ្យអញ្ជើញ​ទៅបង់ពន្ធលើមធ្យោបាយធ្វើដំណើរឲ្យបានទាន់ពេលកំណត់ ។ ៤.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹក និងឧតុនិយម ត្រូវបន្តសហការតាមដានការប្រមូល​ផលស្រូវរដូវ​វស្សា និងការបង្កបង្កើនផលស្រូវរដូវប្រាំង និងត្រូវត្រៀមអន្តរាគមន៍នៅពេលមានបញ្ហាណា​មួយកើត​ឡើងដែលនាំឲ្យប៉ះពាល់ដល់ផលដំណាំរបស់ប្រជាពលរដ្ឋ ។ ៥.មន្ទីរ-អង្គភាព កម្លាំងមានសមត្ថកិច្ច និងរដ្ឋបាលក្រុង ស្រុក ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរ៉ឹងបំផុត។ ៦.រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើង​នៅក្នុងដែន​សមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។ សារជាថ្មីម្ដងទៀត ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់គ្រប់អង្គភាព-ពាក់ព័ន្ធ ក្រុង ស្រុក និង ឃុំ សង្កាត់ ត្រូវបន្តអប់រំ ណែនាំ និងផ្សព្វផ្សាយ កុំឲ្យប្រជាពលរដ្ឋជួលដីនៅតាមបណ្តោយព្រំដែន​ទៅឲ្យ​ប្រជាពលរដ្ឋនៃប្រទេសជិតខាង និងចូលរួមថែរក្សា កាពារបង្គោលព្រំដែន​ដែលបានបោះរួចឲ្យ​បាន​គង់​វង្សល្អប្រសើរ៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ