អាជ្ញាធរខេត្តសៀមរាប ដឹកនាំយុវជននិងសិស្សានុសិស្សសំអាតបរិស្ថានក្នុងក្រុងសៀមរាបដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកនាពេលដ៏ខ្លីខាងមុខ
November 20, 2018 អ្នកទស្សនា :

       ដោយមានការគាំទ្រពីអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរក្រុងសៀមរាប នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបើកយុទ្ធនាការសំអាតបរិស្ថាន ដើម្បីចូលរួមអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក នៅក្នុងខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅតាមដងស្ទឹងសៀមរាប នាថ្ងៃទី២១ និង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោមការដឹកនាំលោក ទៀ សីហា អភិបាល​រងខេត្ត ។

​      លោក ទៀ សីហា អភិបាល​រងខេត្ត បានបង្ហាញថា យុទ្ធនាការសម្អាតបរិស្ថាននាពេលនេះ មិនត្រឹមតែដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកប៉ុណ្ណោះ​ទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំង និងបង្ហាញឲ្យឃើញ ពីការស្រឡាញ់បរិស្ថាន របស់បងប្អូនប្រជាពលរដ្ឋខេត្តក្នុងខេត្តសៀមរាបផងដែរ ព្រោះថា បរិស្ថានស្អាត បានរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប ហេតុនេះអាជ្ញា​ធរ បាននឹងកំពុងពង្រឹង និងពង្រីកវិសាលភាព នៃការបម្រើសេវាទេសចរណ៍នានាក្នុងខេត្ត ឱ្យស្របតាមគោលនយោ​បាយទេសចរណ៍ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ» ជាពិសេស ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ប្រវត្តិសាស្រ្ត ដ៏ល្បីល្បាញនៃព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងពិភពលោក។ លោក ទៀ សីហា បានបន្តទៀតថា វិស័យទេសចរណ៍នេះ គឺជាកម្លាំងចលករជំរុញដល់ការរីកចម្រើន នូវផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ដូចជាអាកាសយានដ្ឋាន ប្រព័ន្ធគមនាគមន៍ បណ្តាញផ្លូវទឹក កំពង់ផែ ប្រព័ន្ធគ្រប់ គ្រងទឹកស្អាត អគ្គិសនី បណ្តាញទូរគមនាគមន៍ សន្តិសុខ សុខសុវត្ថិភាព សុខុមាលភាពសង្គម។ល។ ដូច្នេះនៅក្នុងឱកាសនេះ សូមអំពាវនាវឱ្យបងប្អូនជាម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគុំតន្ត្រី និងអ្នកលក់ដូរចល័តទាំងអស់ ដែលនឹងចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ត្រូវមានធុង ឬថង់សម្រាប់ទុកដាក់សំរាម របស់បងប្អូនឱ្យបានត្រឹមត្រូវ ជាពិសេស ចំពោះបងប្អូនដែលជាកីឡាករ កីឡាការិនីប្រណាំងទូក និងបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកចូលរួមទស្សនាកំសាន្តទាំងអស់ ក៏សូមមេត្តាជួយថែរក្សាអនាម័យ និងបរិស្ថាន ដោយត្រូវវេចខ្ចប់ទុកដាក់សំណល់សំរាមរបស់ខ្លួន នៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវផងដែរ ៕

ប្រភព៖​ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ