លោកជំទាវ មិថុនា ភូថង អញ្ជើញស្វាគមន៍រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់តំណែង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង
November 14, 2018 អ្នកទស្សនា :

     នៅថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់តំណែង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ដោយលោក ប៊ូ ប៊ុនហាង ទៅជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ដោយលោក រស់ សារាំ ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង។

     លោកជំទាវអភិបាលខេត្ត បានលើកឡើងថា នាងខ្ញុំចូលរួមអបអរសាទរ នឹងថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះ លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូង លោកប្រធានលេខាធិការដ្ឋានរដ្ឋបាល និងមន្រ្តីក្រោមឱវាទទាំងអស់ ដែលបានខិតខំអនុវត្តការងារប្រកបដោយជោគជ័យ ដែលបានធ្វើឲ្យស្ថាប័នតុលាការ ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងបានក្លាយជា យន្តការអនុវត្តច្បាប់ដ៏មានប្រសិទ្ធភាព នាពេលកន្លងមក។ លទ្ធផលទាំងនេះ ពិតជាមិនអាចកាត់ ផ្ដាច់បានពីការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ពីសំណាក់ លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកោះកុង បានឡើយ ដែលក្នុងរយៈពេលបម្រើ ការងារជិត ៥ ឆ្នាំ នៅខេត្តកោះកុងនេះ លោកតែងតែមានអធ្យាស្រ័យល្អ សាមគ្គីភាព រាប់អានគ្នា រវាងមន្ត្រី ក៏ដូចជា ប្រជាជនទូទៅបានល្អប្រសើរ ជាពិសេសជាអ្នកដឹកនាំម្នាក់ ដែលតែងតែប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈបានត្រឹមត្រូវ។ ជាមួយនឹងក្តីនឹករលឹកនេះ នាងខ្ញុំក៏សូមចូលរួម អបអរសាទរដោយ ស្មោះ ចំពោះលោកព្រះរាជអាជ្ញា ប៊ូ ប៊ុនហាង ដែលត្រូវបានតែងតាំង ឲ្យទៅបំពេញភារកិច្ច ថ្មី ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង។ ទន្ទឹមនឹងនេះ នាងខ្ញុំក៏សូម ស្វាគមន៍ និងអបអរសាទរជាខ្លាំង ចំពោះលោក រស់ សារាំ ដែលត្រូវបានតែងតាំងជា ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងខេត្តកោះកុង ថ្មី ហើយដែលនឹងត្រូវចូលកាន់តំណែងនាពេលនេះ។

     លោកជំទាវបានបន្តថា នាងខ្ញុំជឿជាក់ថា ការប្រកាសចូលកាន់តំណែង របស់ លោកព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តកោះកុងថ្មី នាពេលនេះ ពិតជាបាននាំមកនូវ បទពិសោធន៍ពី អង្គភាពចាស់ មកបញ្ចូលគ្នាជាមួយស្ថានភាព និងបទពិសោធន៍នៅអង្គភាពថ្មី ជាពិសេសលើទឹកដីថ្មីនេះ ដោយបន្តប្រពៃណីសាមគ្គីភាព ទំនាក់ទំនងល្អ បន្តអនុវត្តគ្រប់កិច្ចការឲ្យបានកាន់តែល្អប្រសើរ ថែមទៀត សំដៅបង្កើនប្រសិទ្ធភាពការងារនាពេលខាងមុខ។ ក្នុងនាមអាជ្ញាធរខេត្ត នាងខ្ញុំត្រៀមលក្ខណៈគ្រប់បែបយ៉ាង ក្នុងការសហការ ដោយឈរ លើមូលដ្ឋាន នៃគោលការណ៍ច្បាប់ ដើម្បីយើងរួមគ្នាអនុវត្តអោយបានត្រឹមត្រូវ តាមការកំណត់ នៃ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ជាធរមាន៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ