អភិបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅខេត្តសៀមរាប
November 14, 2018 អ្នកទស្សនា :

     នៅរដ្ឋបាលសាលាខេត្តសៀមរាប នាថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៨នេះ មានរៀបចំកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែ​តប្រទីប សំពះព្រះខែ អកអំបុក ក្រោមការដឹកនាំរបស​ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិ​បាលនៃគ​ណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ គណៈអភិ​បាលខេត្ត និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ផងដែរ ។

     កិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើង ពីខ្លឹមសារនៃកិច្ចប្រជុំនាពេលនោះ ដោយបានបញ្ជាក់អំពីការរៀបចំប្រារព្ធធ្វើពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ដែលនឹងប្រព្រឹត្តធ្វើឡើងនៅតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដោយមានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរណ៍ បានទស្សនាកម្សាន្ត អំពីវប្បធម៌ ប្រពៃណី របស់ប្រជាពលរដ្ឋខែ្មរយើង ដែលមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី ២១ និងទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៨ ។

     ឯកឧត្តមបណ្ឌិតក៏បានឲ្យដឹងផងដែរថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នេះ គឺធ្វើឡើងដើមី្បរំលឹក និង គោរពដល់វីរៈភាពនៃបុព្វបុរសទាហានជើង ទឹកជំនាន់ដើម ដែលបានពលីជិវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹកក្នុងការកម្ចាត់ពួកសត្រូវឈ្លានពានហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏ សូមឲ្យគ្រប់អនុគណៈកម្មការនីមួយៗ រាយការណ៍ អំពីសកម្មភាព របស់អនុគណៈកម្មការអនុវត្តបានកន្លងមក ។

     បន្ទាប់ពីសេចក្តីរាយការណ៍របស់អនុគណៈកម្មការនីមួយៗ អំពីសកម្មភាព លទ្ធផលដែលអនុវត្តបាន ក្នុងនោះលេខាធិការដ្ឋានគណៈកម្មការរៀបចំបុណ្យអុំទូកខេត្តបានឲ្យដឹងថា ទូកដែលបានសុំដាក់ពាក្យចូលមកប្រកួតមានចំនួន៣១ទូក ដែល ក្នុង១ទូក មានចំណុះ ២២នាក់ ក្នុងនោះមានទូកស្រី ០៥ទូក ព្រមទាំងមានប្រទីប មកពីបណ្តាមន្ទីរ អង្គភាព និង ក្រុមហ៊ុនផងដែរ ។ ក្នុងកិច្ចប្រជុំនោះ ក៏បានពិភាក្សា ដោយផ្តោតយ៉ាងសំខាន់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័​យ សុខភាព បរិស្ថាន និងអគ្គិសនី ជាងនេះទៅទៀតលើការស្នាក់នៅរបស់ក្រុមកីឡាករ-កីឡាការីទៀតផង។ ក្នុងព្រះរាជពិធីបុណ្យ អុំទូកនេះ គណៈកម្មការបុណ្យជាតិថ្នាក់ខេត្ត ក៏បានធ្វើការរៀបចំស្តង់ សម្រាប់បងប្អូនអាជីវករ ដែលមានបំណងចូលមកលក់ដូរនៅក្នុងឱកាសបុណ្យអុំទូក ដោយមានការសម្តែងតន្ត្រីជូនដល់ភ្ញៀវជាតិអន្តរជាតិកម្សាន្តផងដែរ បន្ទាប់ពីអនុគណៈកម្មការ និង អាជ្ញាធរស្រុក មន្ទីរ អង្គភាពបានលើកនូវរាល់ចំណុចមួយចំនួន ក្នុងការចូលរួមព្រះរាជពិធី។

     ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានសង្កត់ធ្ងន់ទៅលើការសម្អាតអនាម័យ បរិស្ថាន ពិសេសចំពោះអគ្គិសនី ត្រូវបន្តបើកបំភ្លឺនៅតាមស្តង់ និង កន្លែងឆាកតន្ត្រី រហូតដល់ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ ២០១៨ ព្រមទាំងសូមឲ្យបណ្តាមន្ទីរ អង្គភាព ក៏ដូចក្រុមហ៊ុន ដែលគ្មានទូកចូលរួមប្រកួត សូម ជួយធ្វើការឧបត្ថម្ភដល់ទូកទាំងនោះ ក្នុងគោលដៅលើកស្ទួយវប្បធម៌ ទំនៀបទំលាប់ប្រពៃណីជាតិ ក៏ដូចជាការចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ លើវិស័យទេសចរណ៍នៅលើទឹកដីប្រវត្តិសាស្ត្រនេះ៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ