ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភ ជូនដល់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលរងស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងសប្បុរសជន។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយក្មួយៗដែលពាក់ព័ន្ធនឹងសារធាតុញៀននៅមជ្ឈមណ្ឌលជាតិបន្សាបគ្រឿងញៀន ព្រមទាំងបាននាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតឧបត្តម្ភជូនមជ្ឈមណ្ឌលជាតិបន្សាបគ្រឿងញៀន ដោយមានការចូលរួមពីបងប្អូនសប្បុរសជន អំណោយទាំងនេះ ដើម្បីជួយដោះសម្រួលដោះស្រាយការខ្វះខាតនៅក្នុងមជ្ឈមណ្ឌល។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិក មជ្ឈមណ្ឌលជាតិបន្សាបគ្រឿងញៀន ដែលបានយកចិត្តទុកដាក់ក្នុងការបន្សាបដល់អ្នកញៀនគ្រឿងញៀននៅក្នុងមណ្ឌល ម្យ៉ាងទៀតការមកកាន់ទីនេះមិនទាន់ពេលចូលឆ្នាំក៏ពិតមែន តែការនាំយកអំណោយមកកាន់ទីនេះ ដើម្បីជួយដោះស្រាយកាខ្វះខាតក្នុងមជ្ឈមណ្ឌល។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកញៀនគ្រឿងញៀននៅទីនេះបានល្អ សូមបន្តការខិតខំធ្វើការបណ្តុះបណ្តាលបន្ថែមទៀត និងបានស្នើឱ្យមជ្ឈមណ្ឌលពិចារណា ពិនិត្យមើលអ្នកដែលបានបន្សាបគ្រឿងញៀន ដើម្បីធ្វើសមាហរណកម្មពួកគាត់ឱ្យទៅរស់នៅជាមួយក្រុមគ្រួសារ និងសហគមន៍វិញ ហើយអ្នកដែលបន្សាបរួចហើយ ត្រូវបេ្តជ្ញាចិត្តថា មិនមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងការបេ្តជ្ញាកុំមកទីនេះម្តងទៀត។ ទន្ទឹមនោះយើងត្រូវគ្រប់គ្រងប្រព័ន្ធទិន្នន័យអ្នកញៀនគ្រឿងញៀនឱ្យបានកាន់តែល្អ។ ចំពោះអ្នកបន្សាបហើយដែលធ្វើសមាហរណកម្មទៅភូមិ ឃុំ ស្រុក យើងក៏ត្រូវតាមដានរយៈពេល១ ឬ២ខែ ធ្វើតេស្តិ៍រកសារធាតុញៀនម្តង ដើម្បីធានាថាបងប្អូនដែលបានធ្វើសមាហរណកម្មរួចហើយ មិនវិលត្រឡប់មកកាន់ទីនេះទៀតទេ។ ចំពោះបងប្អូនដែលបានធ្វើសមាហរណកម្មវិលទៅក្នុងសហគមមូលដ្ឋាន អាជ្ញាធរមូលដ្ឋានត្រូវធ្វើការគ្រប់គ្រងតាមដានជាប់ជាប្រចាំ ឱ្យពួកគាត់មានលទ្ធភាពរកប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ និងខ្លួនផ្ទាល់។ ទាក់ទងនឹងការគ្រប់គ្រងបងប្អូនអ្នកញៀនគ្រឿងញៀន បន្សាបគ្រឿងញៀន គឺចង់ឱ្យបងប្អូនធ្វើការបន្សាបគ្រឿងញៀននៅទីនេះ ដើម្បីវិលត្រឡប់ទៅសហគមវិញ ព្រោះផលប៉ះពាល់ដោយសារគ្រឿងញៀនមានដូចជា ទី១.បាត់បង់លុយកាក់ ២.សុខភាពរបស់បងប្អូនផ្ទាល់ ៣.សេចក្តីថ្លៃថ្នូរ ៤.ការប្រព្រឹត្តអំពើហឹង្សាក្នុងគ្រួសារ។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពក្រុង ស្រុក បន្តសកម្មភាពត្រួតពិនិត្យអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាន ដូច្នេះយើងត្រូវឆ្លើយថា ទេចំពោះគ្រឿងញៀន ព្រមទាំងបានធ្វើការណែនាំឱ្យមជ្ឈមណ្ឌលដាំដើមឈើ ដើម្បីបរិស្ថានកាន់តែល្អបន្ថែមទៀត។ ចំពោះបងប្អូនដែលត្រូវធ្វើសមាហរណកម្មវិលទៅសហគមវិញអាចធ្វើការងារនៅកសិដ្ឋាន ឬរោងចក្ររបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ឬអាចទៅធ្វើការនៅតាមបណ្តារោងចក្រ សហគ្រាសនៅក្នុងខេត្តព្រះសីហនុ ដែលត្រូវការកម្លាំងពលកម្មជាច្រើន។
ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់មជ្ឈមណ្ឌលជាតិបន្សាបគ្រឿងញៀនផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ