ប៉ៃលិន ៖ មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាសុខាភិបាល របស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិននាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន បានណែនាំ និងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចេះថែទាំសុខភាព និងរស់នៅប្រកដោយអនាម័យ ជាពិសេសកុមារតូចៗនៅក្នុងរដូវប្រាំងនេះ ដែលមានអាកាសធាតុក្តៅខ្លាំង ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជម្ងឺដម្កាត់ផ្សេងៗ ដែលអាចបង្កជាបញ្ហាលំបាក ដល់ក្រុមគ្រួសារហើយបើមានបញ្ហាសុខភាព ត្រូវប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះបំផុត ដើម្បីពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យជំនាញ ជៀសវាងទុកឲ្យអ្នកជម្ងឺមានសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់អាយុជីវិត។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា វិស័យសុខាភិបាលគឺជាវិស័យអាទិភាពមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រ នៅប្រទេសកម្ពុជាតាមរយៈការលើក កម្ពស់ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមបន្តខិតខំផ្តល់សេវ៉ាបម្រើ និងពិនិត្យព្យាបាលជម្ងឺជូនបងប្អូនប្រជាពលរដ្ឋ ព្រោះយើងសុទ្ធតែជាមន្រ្តីរបស់រដ្ឋ ដូច្នេះត្រូវធ្វើការងារជំនាញប្រកដោយវិជ្ជាជីវៈ ទៅតាមគោលនយោបាយ និងការណែនាំរបស់រាជ រដ្ឋាភិបាល ហើយលោកជំទាវបណ្ឌិតបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាសុខាភិបាលជូនប្រជាពលរដ្ឋនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត អោយកាន់តែល្អប្រសើឡើង។
បើតាមការបញ្ជាក់របស់ លោក ស្លេះ យូរ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានឱ្យដឹងថា នៅខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកខេត្តចំនួន ១ មណ្ឌលសុខភាពចំនួន ៦ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន ៣ និងនៅស្រុកសាលាក្រៅចំនួន ៣ ដោយបុគ្គលិកក្របខ័ណ្ឌសរុបចំនួន ២១៦នាក់ ស្រីចំនួន ១១៥នាក់ និងបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ២៦នាក់ ស្រីចំនួន ១៤នាក់ ៕
ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន