រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩
January 22, 2024 អ្នកទស្សនា :

តាកែវ ៖ នារសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមដោយ លោក សេន សុខគា ប្រធានមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តតាកែវ តំណាងមន្ទីរផែនការ លោក លោកស្រី អភិបាលរង ក្រុង ស្រុក លោក មេឃុំសង្កាត់ទាំង១០០ ទូទាំងខេត្ត និងមន្រ្តីពាក់ព័ន្ធចូលរួមផងដែរ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តផ្តោតការយកចិត្តទុកដាក់លើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាព ដោយឈរលើស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់។

ឯកឧត្តមអភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាល គឺការបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប៉ុន្តែបានផ្លាស់ប្ដូរទំហំប្រាក់ឧបត្ថម្ភថ្មី ចាប់អនុវត្តចាប់ពីខែមករា ដល់ខែមីនាឆ្នាំ២០២៤ យោងតាមអនុក្រឹត្យស្ដីពី ការកែសម្រួលអនុក្រឹត្យ ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ដោយមិនឧបត្ថម្ភលើចំនួនសមាជិកនៅក្នុងគ្រួសារទេ តែសមាជិកដែលជាក្រុមគោលដៅនូវបន្តឧបត្ថម្ភសាច់ប្រាក់ដូចជា គ្រួសារមានបណ្ណសមធម៌ (ប្រភេទ១ និងប្រភេទ ២), កុមារអាយុពី ០-៥ ឆ្នាំម្នាក់ៗ,ជនមានពិការភាពក្នុងម្នាក់ៗ, មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើងក្នុងម្នាក់ៗ, គ្រួសារក្រីក្រដែលមានសមាជិកផ្ទុកមេរោគអេដស៍) មុននឹងឈានទៅដល់ការអនុវត្តកម្មវិធីកញ្ចាប់គ្រួសារ នាពេលខាងមុខ ។

យោងតាមរបាយការណ៍របស់ មូលនិធិជាតិជំនួយសង្គម ដែលមានសមត្ថកិច្ចជាប្រតិបត្តិករ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងអនុវត្តកម្មវិធីជាតិជំនួយសង្គម ហើយកម្មវិធីជាតិជំនួយសង្គម ដែលលើកឡើងក្នុងពេលនេះ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តតាំងពីខែមិថុនា ឆ្នាំ២០២០មក ក្នុងគោលបំណងផ្តល់ កិច្ចគាំពារ ដើម្បីរក្សាលំនឹងជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ នៅក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ហើយបានកំណត់យកថ្ងៃទី២៥ នៃរៀងរាល់ខែ ជាថ្ងៃបើកប្រាក់ឧបត្ថម្ភប្រចាំខែ។

គិតមក ដល់បច្ចុប្បន្ន បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទុ្ធនឹងជំងឺ កូវីដ-១៩ប្រចាំឆ្នាំ២០២៣ ខេត្តតាកែវ មានអ្នកទទួលផលបើកប្រាក់សរុបចំនួន ៣៨,៩០២គ្រួសារ ដែលចំណាយសរុបចំនួន៨៤,៧៧៩,៤៦៨,០០០រៀល ។ ដោយគិតចាប់ពីដំណើរការកម្មវិធី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដែលមានអ្នកទទួលផល សរុបចំនួន ៣៨,៩០២ គ្រួសារ ដែលត្រូវ ចំណាយសរុបចំនួន ២៧៩,១៧៤,១៤៤,០០០រៀល៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ