អភិបាលខេត្តកណ្ដាល អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ ចំនួន ២ខ្សែ នៅក្រុងតាខ្មៅ
January 19, 2024 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ២ខ្សែ ប្រវែង ១,៣០០ ម៉ែត្រ ទទឹង ០៦ ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិព្រែកហូរលិច ភូមិព្រែកហូរលិច១ និងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ដោយកត្តាសន្តិភាព ទើបថ្នាក់ដឹកនាំខេត្ត មានឱកាសអភិវឌ្ឍន៍មូលដ្ឋាន ហើយនេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់រដ្ឋបាលខេត្ត ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក «មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា» ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ។ហើយជាក់ស្តែងផ្លូវ១ខ្សែនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្ដម បន្តថា សមិទ្ធផលថ្មីៗទាំងនោះ បង្ហាញពីការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សម្រាប់បម្រើដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ទៅមក ដើម្បីចូលរួមអនុវត្តន៍នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ បើមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ឯឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលក្រុងតាខ្មៅ ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ឯកឧត្តម បានជំរុញដល់អាជ្ញាធរ សង្កាត់ ត្រូវបំផុសចលនាប្រជាជន ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានជាប់ជាប្រចាំ នៅគ្រប់មូលដ្ឋានដើម្បីបង្ការ,ទប់ស្កាត់  និងបង្ក្រាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន ដូចជា៖ សកម្មភាពលួច, ឆក់, ប្លន់, បទល្មើសគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងជាដើម ជាពិសេសយុវជន ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ