នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សាលាខេត្ត មានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព ចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
របៀបវារៈនៃកិច្ចប្រជុំនេះ គឺពិនិត្យ និងអនុម័ត លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល និងសេចក្តីណែនាំស្តីពីដំណើរការនៃការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តស្វាយរៀង ។
គួរបញ្ជាក់ថា ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺជាឯកសារយុទ្ធសាស្ត្រមួយដ៏មានសារៈសំខាន់នៅថ្នាក់ក្រោមជាតិ ដែលត្រូវរៀបចំឡើង សម្រាប់ជាត្រីវិស័យក្នុងការអភិវឌ្ឍ ឈានទៅសម្រេចបាននូវអាទិភាពនានា តាមរយៈការស្នើឡើងនូវគម្រោងវិនិយោគសាធារណៈដែលអាចឆ្លើយតប ទៅនឹងផែនការអភិវឌ្ឍន៍ និងការតម្រឹមតម្រង់ធនធានអភិវឌ្ឍន៍របស់ខេត្ត។ដោយផ្អែកតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងសេចក្ដីណែនាំពាក់ព័ន្ធ គឺបានតម្រូវឲ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ដែលត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ និងត្រូវរៀបចំផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ យ៉ាងយូរបំផុតនៅក្នុងឆ្នាំទី២ នៃអាណត្តិនីមួយៗរបស់ក្រុមប្រឹក្សា៕
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង