ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញបិទកិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤
January 19, 2024 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំឆ្នាំ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម ឆ្នាំ២០២៣ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមប្រចាំខេត្តកណ្តាល មន្ទីរអង្គភាពជុំវិញខេត្ត អង្គការជាដៃគូ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ថ្លែងនៅក្នុងនេះ  ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការងារគណនេយ្យភាពសង្គមនេះ គឺមានចក្ខុវិស័យផ្ដោតទៅលើការពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្ដល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅអនុវត្តកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម នៅខេត្តកណ្តាល គឺ បានចាប់ផ្ដើមអនុវត្ត តាំងពីឆ្នាំ២០២០មកម្លេះ  ហើយចំពោះអង្គភាពគោលដៅអនុវត្តគម្រោងកម្មវិធីគណនេយ្យភាពសង្គមនេះ សរុបមានចំនួន ៦០១អង្គភាព ដោយនៅតាមរដ្ឋបាលឃុំ សង្កាត់ទាំង១២៧ នៅសាលាបឋមសិក្សាមានចំនួ ន៣៦៥សាលា និងនៅតាមមណ្ឌលសុខភាពមានចំនួន១០៧ និងបានអនុវត្តនៅតាមសាលាក្រុង-ស្រុក ចំនួន២ គឺ (ក្រុងតាខ្មៅ និងស្រុកស្អាង)។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានប្រកាសបន្តជួយគាំទ្រ ដល់ក្រុមការងារគណនេយ្យភាពសង្គម ដោយក្នុងមួយឃុំសង្កាត់ទទួលបានថវិកាគាំទ្រចំនួន ៤លានរៀល ។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ ដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាព ព្រមទាំងក្រុមការងារគណនេយ្យភាពសង្គមទាំងអស់ ត្រូវខិតខំធ្វើការ និងផ្តល់កិច្ចសហការ រវាងគ្នានឹងគ្នាឱ្យកាន់តែល្អប្រសើរ ពីព្រោះការអនុវត្តការងារគណនេយ្យភាពសង្គមនេះ គឺជា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ