រដ្ឋបាលខេត្តក្រចេះ រៀបចំបើកវគ្គបណ្តុះបណ្តាលបំប៉ន ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ក្រុមការងារចុះ​បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅខេត្តក្រចេះ
January 13, 2024 អ្នកទស្សនា :

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកវគ្គបណ្តុះបណ្តាលបំប៉ន ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ក្រុមការងារចុះ​បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅខេត្តក្រចេះ ក្រោមអធីបតីភាពឯកឧត្តម ឡោក ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តម ហេង សុថា អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងដោយមានការចូលរួមពី ប្រធាន អនុប្រធាន ប្រធាន អនុប្រធាន មន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងសិក្ខាកាមជាមន្រ្តីស្ម័គ្រចិត្តសរុបជាង១០០នាក់ ។

លោក អ៊ូ សុបុណ្ណាកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ពីលទ្ធផលសម្រេចបានគិតត្រឹមខែធ្នូ ឆ្នាំ ២០២៣ -ប្រមូលទិន្នន័យចំនួន ៨៩ ៩៨៥ក្បាលដី-បិទផ្សាយចំនួន៨៤ ៦៧០ក្បាលដី-ចេញបណ្ណចំនួន៧០ ៣០៤ក្បាលដី-ចែកប័ណ្ណចំនួន៦៧ ០២៥ បណ្ណ ហើយក្បាលដីមិនទាន់ចុះបញ្ជីប៉ាន់ស្មាន ៨៤, ៥៨៨ ក្បាលដី លើចំនួន ២៥២ភូមិ ៣៨ឃុំសង្កាត់ និង ៦ស្រុក ក្នុងនោះក្រុមចុះបញ្ជីដីធ្លី មានចំនួន ៦ ក្រុម មន្ត្រីសរុបចំនួន ១៤៣ រូប ដែលក្នុងនោះមាន-មន្ត្រីក្របខណ្ឌចំនួន ៤៥ នាក់-មន្ត្រីកិច្ចសន្យាមន្ទីរចំនួន ៤ នាក់ និងអ្នកស្ម័គ្រចិត្តចំនួន ៩៤ នាក់ ។

ឯកឧត្តម ឡោក ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍គូសបញ្ជាក់ថា ៖ មកទល់ពេលនេះ ក្រសួងសម្រេចចេញបណ្ណបាន១០០%នៃក្បាលដី ដែលប៉ាន់ស្មានដំបូងបានចំនួនជាង៧លានក្បាលដីហើយ តែចំនួនក្បាលដីទូទាំងប្រទេសមិនទាន់ចុះបញ្ជីអស់នៅឡើយ។ ដើម្បីជំរុញការចុះបញ្ជីដីធ្លីឲ្យបានឆាប់ចប់នៅទូទាំងប្រទេស ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមចុះបញ្ជីដីធ្លីបន្ថែម សំដៅបង្កើនល្បឿនការងារដោយគាំទ្របន្ថែមនូវឧបករណ៍ មធ្យោបាយ និងថវិកាទៀត ។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្តថា ៖ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ មានការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពដទៃទៀត ដើម្បីបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដី និងការដោះស្រាយវិវាទដីធ្លី និងការកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្មទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លីឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព និងជំរុញការចុះបញ្ជីដីធ្លីឱ្យ បានឆាប់ចប់នៅទូទាំងប្រទេស ។ ដោយមានបេសកកម្មចំបងចំនួន២រួមមាន៖ ១).ថែរក្សា និងបំប៉នសុខសន្តិភាពដែលសម្រេចបានមកដោយលំបាកមិនអាចកាត់ថ្លៃបាន និងបន្តពួនជ្រុំដំណើរការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាមូលដ្ឋាន ២).កសាង និងពង្រឹងមូលដ្ឋានគ្រឹះសំរាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍប្រទេសជាតិដោយឆ្លងកាត់ការប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ ។

ឯកឧត្តម ឡោក ដាវុធ ក៏បានជំរុញឱ្យមានការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការដោយឈរលើគោលការណ៍អព្យាក្រឹត្យ មិនលម្អៀងលើភាគីវិវាទណាមួយ -បន្តពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីបង្កើតភាពសុខដុមរមនាសង្គម និងបង្កភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ចនៅតាមមូលដ្ឋាន និងបន្តពង្រឹងការកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ យកចិត្តដោះស្រាយរាល់សំណើ និងសំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់ របស់ប្រជាពលរដ្ឋ ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ