រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល ២០២៤-២០២៦
January 12, 2024 អ្នកទស្សនា :

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់ រដ្ឋបាលខេត្តតាកែវ។

មានប្រសាសន៍នាឱកាសនោះដែរ លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត បានណែនាំដល់ក្រុមការងារកសាងផែនការ ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពទាំងអស់ ត្រូវត្រួតពិនិត្យគ្រប់ផែនការ នៃគម្រោងការអភិវឌ្ឍនានា ដែលជាធាតុចូល ដើម្បីដាក់បញ្ចូលទៅក្នុងផែនការ នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល សម្រាប់ឆ្នាំ២០២៤-២០២៦ របស់ខេត្តតាកែវ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ការកសាងផែនការវិនិយោគ៣ឆ្នាំរំកិលនេះ ក៏មិនត្រូវមើលរំលងអំពីសំណូមពរ និងតម្រូវការជាក់ស្តែង ដែលប្រជាពលរដ្ឋបានស្នើសុំនៅក្នុងអង្គវេទិកាសាធារណៈ ដែលរដ្ឋបាលខេត្តតាកែវ បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី៣ ឆ្នាំ២០២៣ នៅទូទាំងខេត្ត មានរយៈពេលកន្លងទៅថ្មីៗនេះ ដោយសារតែប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរ ដែលជាតម្រូវការចាំបាច់ជាក់ស្តែង ក្នុងមូលដ្ឋានសម្រាប់ជាប្រយោជន៍ដល់សហគមន៍ និងជាប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋចង់បាន ដូចជា ផ្លូវថ្នល់ ប្រឡាយបង្ហូរទឹក បណ្តាញអគ្គិសនី បញ្ហាទឹកស្អាត ទីផ្សារកសិកម្ម រួមជាមួយនឹងតម្រូវការសំខាន់ផ្សេងៗទៀត ធ្វើជាធាតុចូលនៅក្នុងការធ្វើផែនការវិនិយោគបីឆ្នាំរំកិលនេះ។

អភិបាលរងខេត្ត លោក ញ៉ែម ស្រស់ ក៏បានចាត់ទុកថា កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត គឺជាឯកសារផែនការមួយដ៏មានសារសំខាន់បំផុត ដែលបានប្រមូលផ្តុំគំនិត និងធនធានទាំងឡាយ ដើម្បីរៀបចំជាគម្រោងវិនិយោគសាធារណៈជាក់ស្ដែងសម្រាប់អនុវត្ត និងការគៀងគរប្រភពទុនដទៃទៀត ជំរុញដល់ការអភិវឌ្ឍខេត្តឱ្យបានកាន់តែឆាប់រហ័ស និងទាន់ពេលវេលា សំដៅឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គឺអាស្រ័យលើការរៀបចំកសាង និងចាត់ចែងអនុវត្តនូវកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ប្រកបដោយភាពសុក្រឹត្យ ដោយផ្អែកលើធនធាន ឱកាស និងពេលវេលាដែលយើងមានជាក់ស្តែង។

លោក ញ៉ែម ស្រស់ បានជំរុញដល់ក្រុមការងារបច្ចេកទេសទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចូលរួមកែលម្អទៅតាមជំនាញ និងបទពិសោធន៍ឱ្យស្របតាមចក្ខុវិស័យ គោលបំណង និងគោលដៅនៃផែនការអភិវឌ្ឍន៍ខេត្តតាកែវ សម្រាប់ ឆ្នាំ២០២៤-២០២៦ ឱ្យទទួលបានជោគជ័យ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ