ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ រស់នៅឃុំទឹកឃ្លាំង ស្រុកល្វាឯម
January 12, 2024 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានលើកឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ថា ការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រម ទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថិរភាពសង្គម។

ឯកឧត្ដម អភិបាលរងខេត្ត បន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ មានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ព្រោះការចុះបញ្ជីដីធ្លីនេះ បានផ្តល់នូវ៖ ការធានាបាននូវឋានៈពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លីតាមរយៈការផ្តល់ ជូននូវវិញ្ញាបនបតសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)។ ការកាត់បន្ថយជម្លោះ និងឈានដល់ការលុបបំបាត់ជម្លោះទាំងស្រុងនូវបញ្ហាវិវាទដីធ្លី។ ជាវត្ថុតាងស្របច្បាប់សម្រាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដី និងសម្រាប់អ្នកដែលត្រូវ បន្តវេន យកទៅប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថភាព និងទំនុកចិត្ត។ ទីផ្សាប្រកបដោយទំនុកចិត្ត ការវិនិយោគនឹងកើនឡើង ជាពិសេស បានផ្ដល់ជាកម្លាំង ជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិត ថែមទៀត។

ឯកឧត្ដម អភិបាលរងខេត្ត បានសម្ដែងនូវការអបអរសាទរ ជាមួយ បងប្អូនប្រជាពលរដ្ឋនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ដែលនឹងទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត លើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលរងខេត្ត បានផ្តាំផ្ញើដល់រដ្ឋបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ។ បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបាន ល្អប្រសើរ ដោយលុបបំបាត់នូវបទល្មើសគ្រប់ប្រភេទ មានដូចជាចោរលួច ឆក់ ប្លន់ ល្បែងស៊ីសង និងបង្ក្រាបឱ្យបានការជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយកងកម្លាំងទាំងអស់មិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ២០៣លើក ស្មើនឹង ២៨៨,០៦២ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២០៤ នៃការចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពីភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម សរុបចំនួន ១,២៥៤ ប័ណ្ណ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ