ថ្នាក់ដឹកនាំខេត្តតាកែវ ជំរុញមន្ទីរជំនាញបង្កើនការផ្សព្វផ្សាយ ពីកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ ឱ្យបានខ្លាំងក្លាបន្ថែមទៀត
January 09, 2024 អ្នកទស្សនា :

តាកែវ ៖ ថ្លែងក្នុងឱកាសអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការបើកប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ដែលវគ្គបណ្ដុះបណ្ដាលនេះ ប្រារព្ធធ្វើនៅសាលប្រជុំមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ បានជំរុញដល់មន្ទីរជំនាញដែលទទួលបន្ទុកលើការងារនេះ សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយដល់គ្រប់មជ្ឈដ្ឋាន ពិសេសយុវជនដែលមានជីវភាពខ្វះខាត ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានឱកាសសិក្សាពីកម្មវិធីរបស់រាជរដ្ឋាភិបាលមួយនេះ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់លើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គម ហើយថ្មីៗនេះ សម្ដេច បានដាក់ឱ្យអនុវត្ដកម្មវិធីមួយទៀត គឺកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្ដាលវិជា្ជជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១លាន៥សែននាក់។ ដែលកម្មវិធីនេះ បានចូលរួម ចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ឈានទៅសម្រេចបាន ជាប្រទេសដែល មានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ដើម្បីគាំទ្រដល់ដំណើរការកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យប្រព្រឹត្តទៅដោយរលូន គម្បីអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ ត្រូវធ្វើការប្ដេជ្ញា និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យបានគត់មត់ សំដៅធានាបាននៅ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ដោយធានាបាននៅ ភាពគ្រប់ជ្រុងជ្រោយធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋយើង ពិសេសយុវជន នៅមូលដ្ឋានផ្ទាល់ បានសិក្សារៀនសូត្រ មានជំនាញពិតប្រាកដមួយក្នុងជីវិត ធ្វើអោយគ្រួសារគេចផុតពីភាពក្រីក្រ ហើយកម្មវិធីនេះ ផ្ដល់ឱ្យ ពួកគេ នៅចំណេះដឹង ចំណេះធ្វើ ស្របតាមទីផ្សារការងារ ទទួលបានប្រាក់ចំណូល សម្រាប់ចិញ្ចឹមជីវិត ធ្វើអោយជីវភាពពួកគាត់កាន់តែប្រសើរឡើងថែមទៀត។

យោងតាមរបាយការណ៍របស់ លោក សេន សុគា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តាកែវ បានឱ្យដឹងថា ការអនុវត្តសកម្មភាពការងារកន្លងមកលើការងារជំនួយសង្គម ដូចជា៖ បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទុ្ធនឹងជំងឺ កូវីដ-១៩ប្រចាំឆ្នាំ២០២៣ ខេត្តតាកែវ មានអ្នកទទួលផលបើកប្រាក់សរុបចំនួន ៣៨,៩០២គ្រួសារ ដែលចំណាយសរុបចំនួន៨៤,៧៧៩,៤៦៨,០០០រៀល ។ ដោយគិតចាប់ពីដំណើរការកម្មវិធី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ដែលមានអ្នកទទួលផល សរុបចំនួន ៣៨,៩០២ គ្រួសារ ដែលត្រូវ ចំណាយសរុបចំនួន ២៧៩,១៥៦,០៦៤,០០០រៀល៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ